ភ្នំពេញ៖ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មិត្តរុស្ស៊ី នឹងយោគយល់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដកស្រង់ប្រសាសន៍ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មកបង្ហោះលើទំព័រហ្វេសប៊ុករបស់ ខ្លួនកាលពីយប់មិញថា ដោយសារតែសភាពការណ៍នៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែដំណើរការនោះ កម្ពុជាមានការចាំបាច់ដើម្បី បញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌខ្លួនឯងផង។
ក្នុងក្របខណ្ឌអាស៊ាន គឺ កម្ពុជាកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះ មិនអាចឈានទៅមុខបាន។ ដូច្នេះកម្ពុជា ត្រូវតែសម្រេចដើម្បីនឹងធ្វើការ អំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បានសម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយក្នុងនាមអាស៊ាន។
សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមកម្ពុជា ប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោល ទោសទៅលើការធ្វើសង្គ្រាម ពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។ សម្រាប់កម្ពុជា ក៏ត្រូវគិតអំពីគោលជំហរ របស់ខ្លួនឱ្យបានច្បាស់។
ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់ឃើញថា វាមានការចាំបាច់ កម្ពុជាសម្ររេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃ ទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនេះ គឺជាជំហរដោយឡែករបស់កម្ពុជា។ សង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់ ព្រោះអ្វី ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជា ផ្ទុយនឹងគោល ការណ៍របស់កម្ពុជាលើនយោបាយការបរទេស ក្នុងនោះ គឺមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជាចំណុចទី១ និងចំណុចទី២ គឺមិនគាំទ្រទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់កម្លាំង ឬគំរាមកំហែង នូវការប្រើប្រាស់កម្លាំង ដូច្នេះពិតណាស់ថា រុស្ស៊ី នឹងមានការខឹងសម្បារចំពោះកម្ពុចា ក៏ប៉ុន្តែ កម្ពុជាជារដ្ឋអធិបតេយ្យមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ ហើយកម្ពុជា ក៏ត្រូវមានការទទួលខុស ត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ៕អត្ថបទ៖ យន់ វ៉ាន់