រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី មាន «ការខកចិត្ត» ជាមួយនឹងការសម្រេចរបស់ប្រទេសចិន ក្នុងការដាក់ពន្ធនាំចូលសាច់គោថ្មី ដោយក្រុមឧស្សាហកម្មសាច់គោ បានព្រមានថា ចំណាត់ការនេះ អាចធ្វើឲ្យខូចដល់ពាណិជ្ជកម្មដែលមានតម្លៃជាង ១ពាន់លានដុល្លារអូស្ត្រាលី (៦៦៧លានដុល្លារអាមេរិក) រវាងប្រទេសទាំង២។
ចិនបានប្រកាសថា ខ្លួននឹងដាក់ពន្ធបន្ថែម ៥៥ភាគរយលើការនាំចូលសាច់គោមួយចំនួនពីប្រទេសនានា រួមមានទាំងប្រេស៊ីល អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលលើសពីបរិមាណជាក់លាក់មួយ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។
ប្រទេសនេះក៏បានលើកឡើងផងដែរថា ខ្លួននឹងផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី ដែលគ្របដណ្តប់លើសាច់គោ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានការខកចិត្ត ចំពោះការសម្រេចនេះ»។

លោកបានបន្ថែមថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ ចំពោះប្រទេសចិនថា សាច់គោអូស្ត្រាលីមិនមែនជាហានិភ័យ សម្រាប់វិស័យសាច់គោរបស់ពួកគេនោះទេ ហើយយើងរំពឹងថា ឋានៈរបស់យើង ក្នុងនាមជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានតម្លៃ នឹងត្រូវបានគោរព»។
លោក Farrell បានសង្កត់ធ្ងន់ថា៖ «សាច់គោរបស់យើង គឺលំដាប់ពិភពលោក និងមានតម្រូវការខ្ពស់ ហើយយើងនឹងបន្តតស៊ូមតិ និងគាំទ្រ ចំពោះឧស្សាហកម្មសាច់គោរបស់យើង»។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារនាំចេញសាច់គោដែលរកចំណូលបានច្រើនជាងគេបំផុតទី២ របស់អូស្ត្រាលី បន្ទាប់ពីសហរដ្ឋអាមេរិក៕
