សាក្សីបានប្រាប់ឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបាញ់ផ្លោងទៅលើតំបន់ជាច្រើន នៅទូទាំងតំបន់ហ្កាហ្សា នាថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) នេះ ដែលជាការរំលោភចុងក្រោយបង្អស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងដែនដីនេះ។
សាក្សីបានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារភាគខាងកើតទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈពេលដែលការបាញ់កាំភ្លើងធំ បានបន្តកើតមានក្នុងពេលដំណាលគ្នា ដែលអមដោយសំឡេងផ្ទុះយ៉ាងខ្លាំង និងការបាញ់កាំភ្លើងរប៉េះរប៉ោះចេញពីរថយន្តយោធាអ៊ីស្រាអែល។

នៅទីក្រុងហ្កាហ្សា ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ Zeitoun និង Shujaiya ខណៈដែលការផ្ទុះបានបន្លឺឡើងពាសពេញតំបន់នោះ។
ហើយបើយោងតាមសាក្សីដដែល បានឲ្យដឹងទៀតថា ផ្នែកខាងកើតនៃជំរុំជនភៀសខ្លួន Bureij នៅភាគកណ្តាលតំបន់ហ្កាហ្សា ក៏បានទទួលរងការបាញ់ប្រហារដោយកាំភ្លើងធំ រួមជាមួយនឹងការបាញ់កាំភ្លើងចេញពីរថយន្តយោធាអ៊ីស្រាអែលផងដែរ។ មិនទាន់មានព័ត៌មានអំពីការស្លាប់ និងរបួសនៅឡើយទេ។
តំបន់គោលដៅ បានស្ថិតក្នុងចំណោមដែនដីដែលនៅតែគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ជាកន្លែងដែលទីក្រុង Tel Aviv នៅតែរក្សាវត្តមានយោធាជាង ៥០ភាគរយនៃដែនដីរបស់តំបន់នេះ។
គួរបញ្ជាក់ថា យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤១៨នាក់ហើយ ត្រូវបានសម្លាប់ និងជាង ១.១១០នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥៕
