មនុស្សរាប់រយនាក់ នៅក្នុងប្រទេសស៊ុយអែត បានលុបចោលការប្រារព្ធពិធីចូលឆ្នាំសកល ហើយបានប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នៅក្នុងរដ្ឋធានី Stockholm ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជននៃតំបន់ហ្កាហ្សា។
ទោះបីជាសីតុណ្ហភាពត្រជាក់ខ្លាំងក៏ដោយ ក៏ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលាន Segels Torg បន្ទាប់ពីមានការអំពាវនាវរបស់អង្គការសង្គមស៊ីវិលជាច្រើនឲ្យរៀបចំការជួបជុំបែបនេះ ដោយពួកគេបានជ្រើសរើសការកាន់ទុក្ខ ចំពោះកុមារ និងជនស៊ីវិលដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ជំនួសឲ្យការប្រារព្ធពិធីចូលឆ្នាំថ្មី។

ដោយមានកាន់បដាដែលសរសេរថា «កុមារកំពុងត្រូវបានសម្លាប់នៅហ្កាហ្សា» «សាលារៀន និងមន្ទីរពេទ្យកំពុងត្រូវបានទម្លាក់គ្រាប់បែក» «សូមគោរពតាមបទឈប់បាញ់ជាបន្ទាន់« និង «លុបបំបាត់ស្ថានភាពខ្វះខាតស្បៀងអាហារ» ហ្វូងមនុស្សទាមទារឲ្យបញ្ចប់នូវអ្វីដែលពួកគេបានពិពណ៌នាថា ជាអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ហើយបានអំពាវនាវឲ្យស៊ុយអែតបញ្ឈប់ការលក់អាវុធឲ្យទៅអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងតំណាងឲ្យអ្នករៀបចំ ក្រុមអ្នកតវ៉ាបានលើកឡើងថា៖ «នៅក្នុងឆ្នាំថ្មីនេះ យើងមិនត្រូវឃើញការស្លាប់ដ៏ច្រើន ការឡោមព័ទ្ធដែនដីប៉ាឡេស្ទីន និងភាពស្ងៀមស្ងាត់ចំពោះព្រឹត្តិការណ៍ទាំងនេះទៀតឡើយ។ យើងសូមបដិសេធមិនចាប់ផ្តើមឆ្នាំថ្មី ដោយការធ្វើមិនដឹងមិនឮ ចំពោះភាពអយុត្តិធម៌ទៀតទេ»។
សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនប្រកាន់ខ្ជាប់នូវការបេជ្ញាចិត្តឲ្យមានសន្តិភាព ជាមួយប៉ាឡេស្ទីនឡើយ។ ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន ក្រុមបាតុករ ក្រោយមកបានដើរឆ្ពោះទៅកាន់សភាស៊ុយអែត៕

