ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមករា២០២៦នេះ ថា មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ក្នុងការតវ៉ាកាន់តែធំ ប្រឆាំងនឹងសេដ្ឋកិច្ចកាន់តែដុនដាបខ្លាំងរបស់អ៊ីរ៉ង់ ខណៈបាតុកម្មបានរីករាលដាលចេញពីខាងក្រៅទីក្រុងធំៗ ចូលដល់ក្នុងបណ្ដាខេត្តតាមជនបទ។

ការប្រមូលផ្ដុំគ្នានេះបានក្លាយជាការតវ៉ាដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ២០២២ នៅពេលដែលការស្លាប់របស់ស្ត្រី Mahsa Amini វ័យ២២ឆ្នាំក្នុងពេលឃុំខ្លួនរបស់នគរបាល បានបង្កឱ្យមានបាតុកម្មទូទាំងប្រទេស។
ទោះជាយ៉ាងណាក៏ដោយ បាតុកម្មទាំងនេះ ពុំទាន់មានទូទាំងប្រទេសនៅឡើយទេ ហើយមិនខ្លាំងក្លាដូចការតវ៉ាជុំវិញការស្លាប់របស់ស្ត្រី Amini ដែលត្រូវបានឃុំខ្លួនពីបទប្រើស្បៃរុំមុខមិនត្រឹមត្រូវនោះទេ។
អំពើហិង្សាដ៏ខ្លាំងក្លាបំផុតទំនងជាបានវាយប្រហារទីក្រុង Azna ជាទីក្រុងមួយនៅក្នុងខេត្ត Lorestan របស់អ៊ីរ៉ង់ ដែលមានចម្ងាយប្រហែល៣០០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតេអេរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និយាយថា លោកមិនអាចធ្វើអ្វីបានច្រើនទេ ដោយសាររូបិយប័ណ្ណបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយ១ដុល្លារឥឡូវនេះមានតម្លៃប្រហែល ១.៤លានរីយ៉ាល់៕

