នគរបាលបាននិយាយថា មនុស្សប្រហែល ៤០ នាក់បានស្លាប់បន្ទាប់ពីអគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តពេលរាត្រីមួយក្នុងរមណីយដ្ឋានជិះស្គីមួយកន្លែងនៅភាគខាងត្បូងប្រទេសស្វីស។ មនុស្ស ១១៥ នាក់ទៀតបានរងរបួស ភាគច្រើននៃពួកគេមានស្ថានភាពធ្ងន់ធ្ងរ។

អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ១:៣០នាទីម៉ោងក្នុងស្រុក អំឡុងពេលប្រារព្ធពិធីឆ្លងឆ្នាំថ្មីនៅក្នុងក្លឹបរាត្រីមួយឈ្មោះ Le Constellation ក្នុងទីក្រុង Crans-Montana។
ក្រុមមន្ត្រីស៊ើបអង្កេតឧបទ្ទវហេតុនេះ ពុំទាន់បានបញ្ជាក់ពីមូលហេតុណាមួយនៅឡើយទេ ប៉ុន្តែបានច្រានចោល ថាហេតុការណ៍នេះ គឺជាការវាយប្រហារ។

មនុស្សមកពីប្រទេសជាច្រើនបានរងផលប៉ះពាល់។ ស្នងការនគរបាលតំបន់ Frédéric Gisler បាននិយាយថា អាទិភាពនៅក្នុងថ្ងៃខាងមុខ គឺត្រូវកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់ ដើម្បីឱ្យសាកសពរបស់ពួកគេអាចត្រូវបានប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញឲ្យបានឆាប់ ។

ឧទ្ធម្ភាគចក្រចំនួន ១៣ គ្រឿង រថយន្តសង្គ្រោះបន្ទាន់ចំនួន ៤២ គ្រឿង និងក្រុមអ្នកឆ្លើយតបបន្ទាន់ចំនួន ១៥០ នាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុពេញមួយយប់នៅក្នុងតំបន់ Valais ដែលជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកទេសចរ។
លោក Mathias Reynard អភិបាលតំបន់បាននិយាយថា អ្នករងរបួសភាគច្រើនបានរលាកធ្ងន់ធ្ងរ ហើយមនុស្ស ៦០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sion ក្នុងទីក្រុង Valais ដោយក្នុងនោះមួយចំនួនធំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕