ក្រុមហ៊ុន BYD របស់ប្រទេសចិន ត្រៀមខ្លួនយកឈ្នះក្រុមហ៊ុន Tesla របស់លោក Elon Musk ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនី (EV) ដាច់ជាងគេបំផុតលំដាប់កំពូលរបស់ពិភពលោក ជាលើកដំបូងដែលក្រុមហ៊ុននេះបានយកឈ្នះក្រុមហ៊ុនគូប្រជែងអាមេរិករបស់ខ្លួនសម្រាប់ការលក់ប្រចាំឆ្នាំ។

កាលពីថ្ងៃព្រហស្បតិ៍ទី១មករា២០២៦ ក្រុមហ៊ុន BYD បាននិយាយថា ការលក់រថយន្តដែលដំណើរការដោយថាមពលថ្មរបស់ខ្លួនបានកើនឡើងជិត២៨% កាលពីឆ្នាំមុនដល់ជាង២,២៥លានគ្រឿង។
ក្រុមហ៊ុន Tesla ដែលបានបង្ហាញពីការលក់សរុបរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ នៅថ្ងៃសុក្រ សប្តាហ៍មុន បានចេញផ្សាយការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគដែលបង្ហាញថា ខ្លួនបានលក់រថយន្តអស់ប្រហែល១,៦៥លានគ្រឿងពេញមួយឆ្នាំ២០២៥។
ក្រុមហ៊ុនអាមេរិកមួយនេះ បានប្រឈមនឹងឆ្នាំដ៏លំបាក ជាមួយនឹងបញ្ហាប្រឈមថ្មី ភាពរអាក់រអួលចំពោះសកម្មភាពនយោបាយរបស់លោក Musk និងការប្រកួតប្រជែងកាន់តែខ្លាំងពីគូប្រជែងចិន។
កាលពីខែតុលា ក្រុមហ៊ុន Tesla បានបង្ហាញម៉ូដែលរថយន្តលក់ដាច់បំផុតចំនួនពីរម៉ូដែល ដែលមានតម្លៃទាបជាងនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងជំរុញការលក់។ ក្រុមហ៊ុននេះបានប្រឈម នឹងការរិះគន់ថា ក្រុមហ៊ុននេះមានភាពយឺតយ៉ាវក្នុងការចេញជម្រើសថ្មីៗ និងមានតម្លៃសមរម្យជាងមុន ដើម្បីរក្សាទីផ្សារប្រកួតប្រជែង។
ការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៥ បន្ទាប់ពីមានប្រតិកម្មប្រឆាំងនឹងតួនាទីរបស់លោក Musk នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕

