វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic នឹងអាចមានឱកាសច្រើនក្នុងការចូលរួមការប្រកួត Grand Slam, French Open បន្ទាប់ពីរដ្ឋាភិបាលបារាំងបន្ធូរបន្ថយលិខិតឆ្លងដែនដែលភ្ជាប់វ៉ាក់សាំងកូវីដ-១៩។

នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានប្រកាសថា លិខិតឆ្លងដែនដែលភ្ជាប់ជាមួយលិខិតបញ្ជាក់វ៉ាក់សាំងកូវីដ-១៩ លែងជាតម្រូវការទៀតហើយចាប់ពីថ្ងៃទី១៤ ខែមិនានេះទៅ។ កាលពីខែកុម្ភៈកន្លងទៅ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានប្រកាសថា ខ្លួនមិនប្រឆាំងនឹងការទទួលយកវ៉ាក់សាំងកូវីដ-១៩ ឡើយតែសូមឱ្យវាជាសិទ្ធិក្នុងការជ្រើសរើសរបស់បុគ្គលម្នាក់ៗ។ Novak Djokovic ត្រូវបានតម្រូវឱ្យចាកចេញពីអាកាសយានដ្ឋានទីក្រុង Melbourne ប្រទេសអូស្ត្រាលីដោយសារបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឱ្យគេខកខានការពារជើងឯក Grand Slam, Australian Open។ ថ្មីៗនេះដែរកីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបាត់បង់តំណែងលេខ ១ ពិភពលោករបស់ខ្លួនទៅកាន់កីឡាកររុស្ស៊ី Daniil Medvedev ក្រោយបរាជ័យត្រឹមវគ្គ ៨នាក់ចុងក្រោយនៅ Dubai Tennis Tournament៕
អត្ថបទ៖នាង សុភាវុធ