ធនាគារជាតិនៃកម្ពុជា ស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីផ្តល់អាទិភាពសម្របសម្រួលសំណើរបស់ យោធិនជួរមុខ ក្នុងការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទាន សម្រាប់អតិថិជនដែលជាយោធិន។
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធ នឹងការ ទូទាត់សងឥណទាន ពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹក មានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការ នៃការសម្របសម្រួលសំណើទាំងនោះ មានការយឺតយ៉ាវ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារបូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ ដោយស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីផ្តល់អាទិភាពសម្របសម្រួលសំណើរបស់ យោធិនជួរមុខជាមុនសិន។
ទន្ទឹមនេះសម្រាប់យោធិនជួរមុខ ដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទងមកលេខទូរសព្ទហតឡាញ របស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្ដាលដែលមានលេខ ០៨៥ ៦០០ ០០២ / ០៨៥ ៦០០ ០០៣ / ០៩៨ ២២០ ០០១/ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕ អត្ថបទ៖ សុន រ៉ាឌី
