អ្នកគាំទ្រក្រុមផ្តាច់ខ្លួនដ៏សំខាន់នៅភាគខាងត្បូងរបស់ប្រទេសយេម៉ែន គឺក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង(STC) បានមកប្រមូលផ្តុំគ្នានៅទីក្រុងកំពង់ផែ Aden ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ដើម្បីទាមទារឱ្យមានការផ្តាច់ខ្លួនចេញពីភាគខាងជើង។ ការតវ៉ានេះបានធ្វើឡើង ខណៈរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិកំពុងទាមទារឱ្យក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ដែលខ្លួនបានដណ្តើមយកកាលពីដើមខែធ្នូ នៅក្នុងខេត្តចំនួន២។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលគាំទ្ររដ្ឋាភិបាល ក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដែលគាំទ្រដោយប្រទេសអារ៉ាប់រួម ដកកងកម្លាំងរបស់ខ្លួនចេញពីខេត្តទាំងពីរ បន្ទាប់ពីក្រុមនេះបានអះអាងការគ្រប់គ្រងយ៉ាងទូលំទូលាយនៅភាគខាងត្បូង និងបានរុញរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ដែលទទួលស្គាល់ជាអន្តរជាតិ ចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង Aden ។

ដោយស្ថិតនៅចន្លោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនៅសមុទ្រក្រហម ប្រទេសយេម៉ែនត្រូវបានបំបែកទៅជារដ្ឋភាគខាងជើងនិងភាគខាងត្បូងរហូតដល់ឆ្នាំ១៩៩០។ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដំបូងឡើយគឺជាផ្នែកមួយនៃសម្ព័ន្ធមិត្តដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតមូស្លីមនិកាយស៊ុននី ដែលបានធ្វើអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ ប្រឆាំងក្រុមហ៊ូទី។ ប៉ុន្តែក្រុមនេះបានផ្តួលរំលំរដ្ឋាភិបាល ហើយស្វែងរកការគ្រប់គ្រងដោយខ្លួនឯងនៅភាគខាងត្បូង។
ប្រទេសយេម៉ែន ត្រូវបានបំផ្លាញដោយសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ ២០១៤ ដោយក្រុមហ៊ូទី បានគ្រប់គ្រងផ្នែកខាងជើងរបស់ប្រទេស រួមទាំងរដ្ឋធានីសាណាផងដែរ បន្ទាប់ពីបានបង្ខំឱ្យរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ភៀសខ្លួនទៅភាគខាងត្បូង។