ប្រទេសអ៊ីរ៉ង់ បានប្រារព្ធខួបលើកទី៦នៃការសម្លាប់លោក Qassem Soleimani ដោយមានការជួបជុំគ្នានៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ដែលមានការចូលរួមពីប្រធានាធិបតីរបស់ប្រទេស លោក Masoud Pezeshkian។ នៅថ្ងៃទី៣ ខែមករា គឺជាខួបលើកទី៦ចាប់តាំងពីមេបញ្ជាការយោធាត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការស្លាប់ដែលបណ្តាលឱ្យមានការកើនឡើងភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

លោក Soleimani ត្រូវបានទីក្រុងវ៉ាស៊ីនតោនដាក់កំហុសថាជាមេគំនិតវាយប្រហារដោយកងជីវពល មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ទៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់ ហើយលោកបានស្លាប់រួមជាមួយមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ លោក Abu Mahdi al-Muhandis។ លោក Soleimani ជាឧត្តមសេនីយ៍អាយុ៦២ ឆ្នាំ ជាមេបញ្ជាការយោធាដ៏លេចធ្លោបំផុតមួយរូបរបស់ទីក្រុងតេអេរ៉ង់ និងជាមេបញ្ជាការកងកម្លាំង Quds ដែលជាសាខានៅបរទេសរបស់ឆ្មាំបដិវត្តន៍ ជាស្ថាបត្យករនៃឥទ្ធិពលរាលដាលរបស់អ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា។

លោក Soleimani បានក្លាយជាមេបញ្ជាការកងកម្លាំងនេះក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីនោះ លោកបានពង្រឹងទំនាក់ទំនងរបស់អ៊ីរ៉ង់ដោយស្ងាត់ៗជាមួយក្រុមហេសបូឡានៅលីបង់ រដ្ឋាភិបាលស៊ីរី និងក្រុមជីវពល ស៊ីអ៊ីតនៅអ៊ីរ៉ាក់ ដោយទទួលបានឋានៈជាអ្នកល្បីល្បាញនៅក្នុងស្រុក និងក្នុងចំណោមក្រុមប្រឆាំងសហរដ្ឋអាមេរិក និងប្រឆាំងអ៊ីស្រាអែល។