ប្រទេសប៊ុលហ្គារី ដែលជាសមាជិកសហភាពអឺរ៉ុប បានប្រារព្ធពិធីចូលជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦នេះ ជាមួយនឹងការតាំងបង្ហាញកាក់ប្រាក់អឺរ៉ូ នៅលើផ្នែកខាងមុខនៃធនាគារកណ្តាលទីក្រុងសូហ្វីយ៉ា និងការអុជកាំជ្រួចភ្ញី ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់ដែលទន្ទឹងរង់ចាំជាយូរមកហើយ។

គិតត្រឹមម៉ោងក្នុងស្រុក ១២អធ្រាត្រថ្ងៃចូលឆ្នាំថ្មី ប្រាក់អឺរ៉ូបានក្លាយជារូបិយបណ្ណជាតិរបស់ប៊ុលហ្គារី ហើយប្រាក់លេវ (Lev) ចាស់របស់ខ្លួនបានក្លាយទៅជាប្រវត្តិសាស្ត្រ។ ការចូលជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូរបស់ប៊ុលហ្គារី នឹងធ្វើឱ្យចំនួនប្រជាជនអឺរ៉ុបដែលប្រើរូបិយបណ្ណនេះ កើនដល់ជាង ៣៥០ លាននាក់។ ប្រទេសចុងក្រោយបំផុត ដែលចូលរួមក្នុងក្រុមរូបិយបណ្ណតែមួយគឺប្រទេសក្រូអាស៊ី ក្នុងខែមករា ឆ្នាំ ២០២៣។

ក្រៅពីការផ្លាស់ប្តូររូបិយបណ្ណ ការក្លាយជាសមាជិកទី២១នៃតំបន់ចាយប្រាក់អឺរ៉ូមានន័យថា ប៊ុលហ្គារីទទួលបានអាសនៈមួយក្នុងក្រុមប្រឹក្សាភិបាលកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប ECB។
រដ្ឋាភិបាលប៊ុលហ្គារីជាបន្តបន្ទាប់ បានព្យាយាមធ្វើជំហាននេះ តាំងពីប្រទេសតំបន់បាល់កង់ដែលមានប្រជាជន ៦,៧លាននាក់មួយនេះ បានចូលរួមជាមួយសហភាពអឺរ៉ុបក្នុងឆ្នាំ២០០៧ មកម្ល៉េះ។ ប៉ុន្តែដោយសារភាពចម្រូងចម្រាស និងផ្លូវដ៏លំបាកទើបត្រូវពន្យារពេលមកទល់បច្ចុប្បន្ន ជាមួយនឹងការស្ទង់មតិបង្ហាញថា ប្រជាជនប៊ុលហ្គារីមានការខ្វែងគំនិតគ្នាលើបញ្ហានេះ៕

