ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Aden របស់ប្រទេសយេម៉ែន ត្រូវបានផ្អាក កាលពីថ្ងៃព្រហស្បតិ៍ (១ មករា) ដែលជាសញ្ញាចុងក្រោយបំផុតនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើងរវាងមហាអំណាចឈូងសមុទ្រអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ខណៈការប្រកួតប្រជែងរវាងព្រះរាជាណាចក្រទាំងពីរកំពុងផ្លាស់ប្តូរប្រទេសយេម៉ែន ដែលហែកហួរដោយសង្គ្រាម។

នៅអាកាសយានដ្ឋាន Aden — ដែលជាច្រកទ្វារអន្តរជាតិសំខាន់សម្រាប់ផ្នែកខ្លះនៃប្រទេសយេម៉ែន នៅខាងក្រៅការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ួទី — អ្នកដំណើរបានកកកុញនៅឯស្ថានីយ ដោយរង់ចាំព័ត៌មានថ្មីៗអំពីជើងហោះហើររបស់ពួកគេ។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រភពព័ត៌មានយេម៉ែនបាននិយាយថា ជើងហោះហើររវាងទីក្រុង Aden និងគោលដៅទាំងអស់នៅខាងក្រៅអារ៉ាប់រួម នឹងចាប់ផ្តើមឡើងវិញ ប៉ុន្តែមិនទាន់មានការបញ្ជាក់បានភ្លាមៗឡើយ។

ភាពតានតឹងបានកើនឡើងក្នុងមួយរយៈចុងក្រោយនេះរវាងមហាអំណាចប្រេងទាំងពីរ។ អារ៉ាប់រួមគាំទ្រក្រុមផ្ដាច់ខ្លួនមួយឈ្មោះ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដែលកាលពីខែមុន បានវាយដណ្តើមយកភាគខាងត្បូងយេម៉ែនមួយផ្នែកធំ ចេញពីក្នុងដៃរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ។ ចំណែកអារ៉ាប៊ីសាអ៊ូឌីត ដែលគាំទ្ររដ្ឋាភិបាល បានចាត់ទុកជំហាននោះថាជាការគំរាមកំហែង ដែលបង្កឱ្យមានវិបត្តិដ៏ធំបំផុតរវាងខ្លួននិងប្រទេសជិតខាងឈូងសមុទ្រគឺអារ៉ាប់រួម ក្នុងពេលជាច្រើនទសវត្សរ៍។

នៅសប្តាហ៍នេះ អារ៉ាប៊ីសាអ៊ូឌីត ចោទអារ៉ាប់រួមថា បានដាក់សម្ពាធលើកងកម្លាំង STC របស់យេម៉ែន ឱ្យវាយរុញឆ្ពោះទៅព្រំដែននៃព្រះរាជាណាចក្រនេះ ហើយប្រកាសថា សន្តិសុខជាតិរបស់ខ្លួនជា «បន្ទាត់ក្រហម» ដែលជំរុញឱ្យអារ៉ាប់រួមនិយាយថា ខ្លួនដកកងកម្លាំងដែលនៅសេសសល់ចេញពីយេម៉ែន៕