លោក Rustem Umerov លេខាធិការក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១ មករា) ថា ទីក្រុងគីវកំពុងរៀបចំកិច្ចប្រជុំជាមួយបណ្ដាទីប្រឹក្សាសន្តិសុខអឺរ៉ុប រួមទាំងវត្តមានភាគីអាមេរិក នៅថ្ងៃទី៣ ខែមករា ចុងសប្ដាហ៍នេះ។

លោកបន្តថា ជំហរនានាត្រូវបានសម្របសម្រួល ហើយកិច្ចប្រជុំបន្ថែមទៀតជាមួយដៃគូអឺរ៉ុប និងអាមេរិក ក៏ត្រូវបានគ្រោងទុកសម្រាប់ខែមករា ឆ្នាំ២០២៦នេះផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Umerov បាននិយាយថា លោកបានធ្វើកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រេសិតពិសេសអាមេរិកទទួលបន្ទុកដោះស្រាយបញ្ហាអ៊ុយក្រែន គឺលោក Steve Witkoff និងលោក Jared Kushner ក៏ដូចជាតំណាងអឺរ៉ុបមួយចំនួនផងដែរ។
មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនរូបនេះលើកឡើងថា «អ៊ុយក្រែនកំពុងរៀបចំកិច្ចប្រជុំជាមួយដៃគូអឺរ៉ុប នៅថ្ងៃទី៣ ខែមករា ក្នុងទម្រង់ជាទីប្រឹក្សាសន្តិសុខជាតិ។ តំណាងមកពីជាង ១០ប្រទេស ក៏ដូចជាអង្គការណាតូ គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ត្រូវបានរំពឹងថានឹងចូលរួម ហើយដៃគូអាមេរិកក៏ត្រូវបានរំពឹងថានឹងចូលរួមតាមអនឡាញផងដែរ»។ លោកបន្ថែមថា អ៊ុយក្រែន មានគម្រោងបន្តធ្វើការលើដំណោះស្រាយដែល «គួរតែអាចបង្កើតលទ្ធផលជាក់ស្តែង» នៅក្នុងឆ្នាំថ្មីនេះ៕

