អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) ដែលជាក្រុមគ្រូពេទ្យសម្បុរសធម៌អន្តរជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១ មករា) ថា ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ កំពុងជួបហានិភ័យនៃការបាត់បង់សិទ្ធិទទួលបានការថែទាំសុខភាពចាំបាច់ ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (ឬហៅថា INGO) ជច្រើន ត្រូវបានហាមប្រាម មិនឱ្យធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សា និងតំបន់ West Bank ក្រោមការរឹតបន្តឹងថ្មីរបស់អ៊ីស្រាអែល។

ក្រុមជំនួយមួយនេះបាននិយាយថា ខ្លួននៅតែកំពុងរង់ចាំការបន្តចុះឈ្មោះ ក្រោមតម្រូវការថ្មីរបស់អ៊ីស្រាអែល រួមទាំងការដាក់ស្នើបញ្ជីឈ្មោះបុគ្គលិកផងដែរ ដើម្បីអាចចូលទៅកាន់ដែនដីប៉ាឡេស្ទីនមួយនេះ។
អង្គការ MSF បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ខ្លួន នៅក្នុងវិស័យសុខាភិបាលហ្កាហ្សា ដោយខ្លួនបានគាំទ្រដល់មួយចំណែកធំនៃមន្ទីរពេទ្យនៅទឹកដីហ៊ុមព័ទ្ធនោះ។ ក្នុងឆ្នាំ២០២៥ អង្គការនេះបានផ្តល់ការពិគ្រោះយោបល់ក្រៅមន្ទីរពេទ្យជិត ៨សែនករណី រួមទាំងព្យាបាលជាច្រើនទៀត។
អ៊ីស្រាអែល បានដកហូតអាជ្ញាបណ្ណប្រតិបត្តិការរបស់ក្រុមជំនួយ ៣៧ក្រុម រួមទាំងអង្គការ MSF និងក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស ដ៏សំខាន់ ដោយសារមិនអនុវត្តតាមបទប្បញ្ញត្តិថ្មីរបស់ខ្លួន។ អ៊ីស្រាអែល បានការពារចំណាត់ការនេះ ដោយចោទអង្គការអន្តរជាតិធ្វើការនៅតំបន់ហ្កាហ្សាទាំងអស់នោះថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមិនផ្តល់ភស្តុតាងអ្វីឡើយ៕

