មន្ត្រីកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរក្សាសន្តិភាព UN ជាង ១.៨០០នាក់ បានចាកចេញពីភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយមានកងកម្លាំងជាង ៣០០នាក់ទៀត នឹងចាកចេញ នៅខែឧសភា ឆ្នាំ ២០២៦។

អ្នកនាំពាក្យរបស់ UNIFIL លោកស្រី Candice Ardell បានប្រាប់សារព័ត៌មានស៊ីនហួ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា ការដកកងកម្លាំងនេះ កើតចេញពីការកាត់បន្ថយថវិកាទូទាំងអង្គការសហប្រជាជាតិ មិនមែនជាការបិទបេសកកម្ម មុនកាលកំណត់នោះទេ ដោយបានលើកឡើងពីសេចក្តីសម្រេចលេខ ២៧៩០ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលបានអនុម័តនៅចុងខែសីហា ដែលបានបន្តអាណត្តិរបស់ UNIFIL រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ និងអនុញ្ញាតឲ្យមានការដកទ័ពបន្តិចម្តងៗបន្ទាប់ពីនោះ។

UNIFIL មានកងកម្លាំងរក្សាសន្តិភាពប្រមាណ ១០.៥០០ នាក់ មកពីប្រទេសប្រហែល ៥០ ដែលចូលរួមចំណែកក្នុងបេសកកម្មនេះ។
លោកស្រី Ardell បាននិយាយថា កងទ័ពលីបង់បានបំផ្លាញឃ្លាំងអាវុធខុសច្បាប់ចំនួន ៣៧០ កន្លែង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅភាគខាងត្បូងនៃទន្លេ Litani ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយបានបង្កើនការដាក់ពង្រាយរបស់ខ្លួន នៅក្នុងតំបន់នោះ ដោយមានការគាំទ្រពី UNIFIL។
លោកស្រី បានចាត់ទុកការបន្តសកម្មភាពយោធាអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ថា ជាឧបសគ្គចម្បង ក្នុងការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសម្រេចបាននូវស្ថិរភាពយូរអង្វែង។
ខណៈពេលដែលប្រទេសលីបង់ និងអ៊ីស្រាអែល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសេចក្តីសម្រេចលេខ ១៧០១ តាមរយៈកិច្ចព្រមព្រៀង នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលលោកស្រី Ardell បានពិពណ៌នាថា ជាក្របខ័ណ្ឌសម្រាប់ដំណោះស្រាយយូរអង្វែង លោកស្រី បានព្រមានថា ប្រតិបត្តិការថ្មើរជើង និងតាមអាកាសរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ នៅតែធ្វើឲ្យប៉ះពាល់ដល់ដំណើរការស្ថិរភាព៕