ឥណ្ឌូនេស៊ីបានអំពាវនាវឲ្យមានការគោរពបូរណភាពទឹកដីរបស់ប្រទេសយេម៉ែន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ មួយថ្ងៃបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានទម្លាក់គ្រាប់បែកលើការដឹកជញ្ជូនអាវុធពីអារ៉ាប់រួម នៅទីក្រុងកំពង់ផែយេម៉ែន ដែលទីក្រុងរីយ៉ាដ បាននិយាយថា មានបំណងសម្រាប់កងកម្លាំងបំបែកខ្លួន។

អារ៉ាប៊ីសាអ៊ូឌីត បានធ្វើការវាយប្រហារតាមអាកាសមានកំណត់ នៅទីក្រុងកំពង់ផែ Al-Mukalla របស់ប្រទេសយេម៉ែន ក្នុងខេត្ត Hadramout ភាគខាងត្បូងកាលពីថ្ងៃអង្គារ បន្ទាប់ពីការមកដល់របស់នាវាដឹកជញ្ជូនអាវុធនៃប្រទេសអារ៉ាប់រួម ដែលបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដែលទាក់ទងនឹងផែនការរុលចូលទៅមុខរបស់ដោយក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងដែលគាំទ្រដោយអារ៉ាប់រួម នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីយប់ថ្ងៃពុធ ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយថា ខ្លួន «កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដោយភាគីពាក់ព័ន្ធ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខ» ជាពិសេសនៅក្នុងខេត្ត Hadramout និង Al-Mahara។
ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា៖«ប្រទេសនេះបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនានយោបាយដែលពាក់ព័ន្ធ និងទូលំទូលាយ ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងគោរពរដ្ឋាភិបាលស្របច្បាប់និងបូរណភាពទឹកដីរបស់ប្រទេសយេម៉ែន»។
សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីទីក្រុងហ្សាការតា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួន «កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាប្រទេសពាក់ព័ន្ធផ្សេងទៀត ដែលធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធយេម៉ែន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្តារស្ថិរភាពឡើងវិញ»៕