ភ្នំពេញ៖ ក្រុមហ៊ុនជីពម៉ុង គ្រុបបានសម្រេចបោះទុនវិនិយោគលើទឹកប្រាក់២៥២លានដុល្លារអាមេរិក លើគម្រោងចំនួន៥ដែលភាគច្រើន ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសង់ ផ្សារទំនើបជីពម៉ុង២៧១ មេហ្គាម៉ល នាថ្ងៃទី៣០ សីហានេះ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា ក្រុមហ៊ុន ជីបម៉ុង រីថេល វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់ចំនួន២៥២លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើជីបម៉ុង មុន្នីវង្សស៊ុភើម៉ាឃីត, ជីបម៉ុងបាក់ទូកម៉ល, ជីបម៉ុងសែនសុខម៉ល, ជីបម៉ុង៥៩៨ម៉ល និងជីបម៉ុង២៧១មេហ្គាម៉ល។
លោកឧកញ៉ាបន្តថា ដោយឡែកគម្រោងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល នឹងលេចចេញជារូបរាងឡើងក្នុងឆ្នាំ២០២០ ដើម្បីបម្រើតម្រូវការសាធារណៈជន ក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ ដែលពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ចមួយនេះ។ ជីបម៉ុង២៧១មេហ្គាម៉ល ត្រូវបានរចនាដោយអ្នកជំនាញអន្តរជាតិ នឹងត្រូវសាងសង់ឡើងដោយវិស្វករជំនាញជាតិ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភ័ណភាព និងគុណភាពសំណង់របស់យើងស្របទៅតាមបទដ្ឋានអន្តរជាតិ។
ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជដ៏ធំនេះ នឹងត្រូវបានសាងសង់ក្នុងបរិវេណគម្រោង ដឺលែនម៉ាក២៧១ ដែលហ៊ុព័ទ្ធទៅដោយតំបន់លំនៅដ្ឋានប្រណីត រាប់រយខ្នង អគារពាណិជ្ជកម្ម សណ្ឋាគារលំដាប់អន្តរជាតិ ខុនដូទាន់សម័យ និងអគារការិយាល័យដ៏ទំនើប។
ចូលរួមជាអធិបតីក្នុងឳកាសនោះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គម្រោងថ្មីដែលមានទំហំ២០០លានដុល្លារអាមេរិក នៅលើផ្ទៃដី៤១ហិចតា ចាត់ទុកថាជាគម្រោងមួយបានរៀបចំឌីហ្សាញ ក្នុងការធ្វើផ្សារទំនើបនេះមានភាពទាន់សម័យ ហើយចាត់ទុកថាទីតាំងនេះ ជាកន្លែងមកកាន់ទីផ្សារ និងកន្លែងជួបគ្នា ជាមួយនឹងគម្រោងសាងសង់នេះ។ គម្រោងនេះ បានរួមចំណែកជាមួយនឹងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើឲ្យវិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងបានអនុញ្ញាតឲ្យមានលិខិតសាងសង់៣៤១៨គំរោង និងបន្ថែមលិខិតអនុញ្ញាតឲ្យសាងសង់នៅថ្ងៃនេះ គឺកើនឡើងដល់៣៤១៩សំណង់ និងមានតម្លៃសំណង់ចំនួន៦៧៩៨លានដុល្លារសហរដ្ឋអាមេរិក៕
