អ៊ុយក្រែន៖ យោងតាមក្រសួងការពារជាតិរបស់ប្រទេសបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបំផ្លាញគោលដៅហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ១,៦១២ទីតាំង ចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។

គោលដៅដែលត្រូវបានវាយប្រហាររួមមានមជ្ឈមណ្ឌល ទីបញ្ជាការ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងស្ថានីយរ៉ាដា ព្រមទាំងយន្តហោះចម្បាំង រថក្រោះ រថយន្តយោធា និងកាំភ្លើងធំបាញ់រ៉ុក្កែតជាច្រើនគ្រឿង។ កងកម្លាំងរុស្ស៊ីទទួលបានការគ្រប់គ្រងពេញលេញទីក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ទោះបីជាភាគីអ៊ុយក្រែនបដិសេធសេចក្ដីថ្លែងការណ៍នេះក៏ដោយ។ ភាគីរុស្ស៊ីលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនស៊ីវិលនៅក្នុងទីក្រុង Kherson នៅមានប្រតិបត្តិការធម្មតា ហើយគ្មានការខ្វះខាតស្បៀងអាហារ ឬរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃនោះទេ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងប្រដាប់អាវុធតំបន់ Donetsk បានបន្តរុលទៅមុខក្រោមការគាំទ្រពីការបាញ់ផ្លោងរបស់រុស្ស៊ី ហើយទីក្រុង Mariupol ត្រូវបានឡោមព័ទ្ធ។ កងកម្លាំងប្រដាប់អាវុធតំបន់ Donetsk អះអាងថា ពួកគេបានទុកច្រករបៀងមនុស្សធម៌សម្រាប់ពលរដ្ឋក្នុងតំបន់ ហើយបច្ចុប្បន្នកំពុងព្យាយាមធ្វើឲ្យទាហានអ៊ុយក្រែនទម្លាក់អាវុធចុះ និងចាកចេញ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយថា រុស្ស៊ីទទួលស្គាល់លោក Volodymyr Zelenskyy ជាប្រធានាធិបតីស្របច្បាប់របស់អ៊ុយក្រែន ទោះបីរុស្សីនៅតែប្ដេជ្ញាចំពោះបេសកកម្មរបស់ខ្លួន ធ្វើឲ្យប្រទេសអ៊ុយក្រែនគ្មានកងទ័ពក៏ដោយ៕
អត្ថបទ៖ ប៊ុនថន