ប្រទេសថៃ បានជួបប្រទះនឹងការធ្លាក់ចុះភ្ញៀវទេសចរជាលើកដំបូង ក្នុងឆ្នាំ២០២៥ ដោយសារទំនុកចិត្តរបស់អ្នកធ្វើដំណើរកម្សាន្ត ត្រូវបានប៉ះទង្គិចដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលធ្វើឲ្យប្រទេសនេះរង្គោះរង្គើ។
ចំនួនភ្ញៀវទេសចរ បានធ្លាក់ចុះ ៧,២ភាគរយ ក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំជាលើកដំបូងនៃការទៅដល់របស់ភ្ញៀវអន្តរជាតិ ក្នុងរយៈពេលមួយទសវត្សរ៍ ពោលគឺជាការថយចំនួនដែលមិនស្ថិតក្នុងអំឡុងរយៈពេលមានជំងឺរាតត្បាត។

ឆ្នាំកន្លងទៅនេះ បានចាប់ផ្តើមយ៉ាងអាក្រក់ ដោយអ្នកធ្វើដំណើរកម្សាន្តជនជាតិចិនជាច្រើន បានលុបចោលគម្រោងទៅលេងប្រទេសនេះ បន្ទាប់ពីតារាសម្តែង Wang Xing ត្រូវបានចាប់ពង្រត់ពីថៃ ហើយក្រោយមកត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោកតាមអនឡាន នៅប្រទេសជិតខាងមីយ៉ាន់ម៉ា។
បន្ទាប់មក ថៃត្រូវបានរំជើបរំជួលដោយសារគ្រោះរញ្ជួយដីដ៏ធំបំផុត នៅសហភាពមីយ៉ាន់ម៉ា ដែលជាលើកដំបូងក្នុងរយៈពល ១សតវត្សរ៍ ជម្លោះបង្ហូរឈាមនៅតាមព្រំដែនជាមួយប្រទេសជិតខាង គ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគខាងត្បូង និងវិបត្តិនយោបាយដែលនាំឲ្យមានរដ្ឋាភិបាលថ្មីឡើងកាន់អំណាច។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ និងកីឡា ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ប្រជាជនម៉ាឡេស៊ី បានឈរនៅលើគេ ក្នុងតារាងនៃភ្ញៀវទេសចរបរទេសដែលមានចំនួន ៤,៥លាននាក់ បន្ទាប់មកភ្ញៀវទេសចរចិន ៤,៤៧លាននាក់ ហើយ ២,៥លាននាក់ ជាអ្នកដំណើរកម្សាន្តមកពីប្រទេសឥណ្ឌា។ បើយោងតាមទិន្នន័យរបស់ក្រសួងដដែលនេះ បានឲ្យដឹងបន្ថែមថា ភ្ញៀវទេសចររុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៤ មានចំនួន ១,៩លាននាក់ តាមមកដោយជនជាតិកូរ៉េខាងត្បូង ១,៦លាននាក់៕
