សារព័ត៌មាន New York Times (NY Times) កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានស្នើសុំឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការដេញតាមនាវាដឹកប្រេងដែលកំពុងធ្វើដំណើរទៅកាន់វ៉េណេស៊ុយអេឡា ហើយឥឡូវនេះ កំពុងគេចខ្លួនចេញពីឆ្មាំល្បាតឆ្នេរអាមេរិក នៅមហាសមុទ្រអាត្លង់ទិក។
កងកម្លាំងអាមេរិក បានដេញតាមចាប់នាវាដឹកប្រេង ដែលក្រុមដែនសមុទ្រកំណត់ថា ឈ្មោះ Bella 1 អស់រយៈពេលជិត ២សប្តាហ៍ហើយ។

កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៤ ដែលខ្លួនបានបញ្ជាក់ថា កំពុងប្រតិបត្តិការក្នុងវិស័យប្រេងរបស់វ៉េណេស៊ុយអេឡា ក៏ដូចជានាវាដឹកប្រេងដែលពាក់ព័ន្ធផងដែរ ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។
រុស្ស៊ីបានធ្វើសំណើការទូតបែបនេះជាផ្លូវការ ខណៈលោក Trump ក៏កំពុងប្រឹងប្រែងសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន។
សេតវិមាន ក្រសួងការបរទេសអាមេរិក និងស្ថានទូតរុស្សី មិនអាចទាក់ទងបានភ្លាមៗឡើយ ដើម្បីសុំការធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ៕
