គយហ្វាំងឡង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា នាវាដែលត្រូវបានរឹបអូស នៅក្នុងប្រទេសហ្វាំងឡង់ ដោយសង្ស័យថា បានធ្វើឲ្យខូចខាតខ្សែទូរគមនាគមន៍តភ្ជាប់ រវាងទីក្រុង Helsinki និង Tallinn របស់ប្រទេសអេស្តូនី កំពុងដឹកជញ្ជូនដែករុស្ស៊ី ដែលត្រូវបានកំណត់ដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប (EU)។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នគរបាលហ្វាំងឡង់ បានឃាត់នាវាឈ្មោះ Fitburg ដែលជានាវាដឹកទំនិញប្រវែង ១៣២ម៉ែត្រ ដែលកំពុងធ្វើដំណើរចេញពីទីក្រុង St Petersburg របស់រុស្ស៊ីទៅកាន់ទីក្រុង Haifa របស់អ៊ីស្រាអែល និងសមាជិកនាវិកចំនួន ១៤នាក់ បន្ទាប់ពីមានការសង្ស័យថា យុថ្ការបស់នាវានេះ បានបង្កការខូចខាតដល់ខ្សែកាបទូរគមនាគមន៍ក្រោមបាតសមុទ្រ ក្នុងឈូងសមុទ្រហ្វាំងឡង់។
គយហ្វាំងឡង់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព័ត៌មានបឋមបានបង្ហាញថា ទំនិញនោះមានផលិតផលដែកថែបដែលមានប្រភពមកពីរុស្ស៊ី ដែលត្រូវដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសរុស្ស៊ី»។ ដូច្នេះ ទីភ្នាក់ងារបានធ្វើការត្រួតពិនិត្យទំនិញរបស់នាវា កាលពីល្ងាចថ្ងៃពុធ។
ទីភ្នាក់ងារបានបន្ថែមថា៖ «យោងទៅតាមការវាយតម្លៃរបស់អ្នកជំនាញ នៅគយហ្វាំងឡង់ បានឲ្យដឹងថា គ្រោងដែកដែលជាប់សង្ស័យ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មតាមវិស័យរបស់សហភាពអឺរ៉ុប។ ការនាំចូលទំនិញជាប់ទណ្ឌកម្មបែបនេះទៅសហភាពអឺរ៉ុប ត្រូវបានហាមឃាត់ក្រោមបទប្បញ្ញត្តិទណ្ឌកម្មរបស់សហភាពអឺរ៉ុប»។
គយហ្វាំងឡង់ បានបញ្ជាក់ថា ខ្លួននៅតែស៊ើបអង្កេត «ការអនុវត្តច្បាប់ដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ចំពោះករណីនេះ»៕
