ឥណ្ឌា និងប៉ាគីស្ថាន បានប្រារព្ធពិធីចាប់ផ្តើមឆ្នាំថ្មី ដោយការផ្លាស់ប្តូរបញ្ជីទីតាំងនុយក្លេអ៊ែរ និងអ្នកទោសស៊ីវិល ក្នុងនោះរួមមានទាំងអ្នកនេសាទផងដែរ ជាករណីដ៏កម្រនៃទំនាក់ទំនងការទូតធម្មតា រវាងប្រទេសគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២។
មន្ត្រីនៃប្រទេសទាំង២ បានប្រាប់ឲ្យដឹងថា ការដោះដូរនេះ បានកើតមានឡើងក្នុងពេលដំណាលគ្នានឹងពិធីអបអរឆ្នាំថ្មីរបស់ទីក្រុង New Delhi (ញូវដេលី) និង Islamabad (អ៊ីស្លាម៉ាបាដ) ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានគោលបំណងកាត់បន្ថយការមិនទុកចិត្តគ្នា និងធានានូវសិទ្ធិចូលទៅកាន់កុងស៊ុល។

ក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់អះអាងពីការផ្លាស់ប្តូរនេះ ដោយអ្នកនាំពាក្យ លោក Tahir Andrabi បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងអ៊ីស្លាម៉ាបាដ បានប្រគល់បញ្ជីឈ្មោះអ្នកទោសឥណ្ឌា ២៥៧ នាក់ រួមមានទាំងអ្នកនេសាទ ១៩៩នាក់ និងជនស៊ីវិល ៥៨នាក់ផ្សេងទៀត ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ លោក Andrabi បានបញ្ជាក់ទៀតថា ភាគីទាំង ២ ក៏បានចែករំលែកបញ្ជីដែលបានធ្វើបច្ចុប្បន្នភាពនៃការដំឡើងទីតាំងនុយក្លេអ៊ែររបស់ពួកគេ ក្រោមកិច្ចព្រមព្រៀង ស្តីពីការហាមឃាត់ការវាយប្រហារប្រឆាំងនឹងការដំឡើង និងទីតាំងនុយក្លេអ៊ែរ ជាកតិកាសញ្ញាសាងទំនុកចិត្តដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩១។
នៅក្រោមកិច្ចព្រមព្រៀងនោះ ដែលចូលជាធរមាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩១ ឥណ្ឌា និងប៉ាគីស្ថានបានផ្លាស់ប្តូរបញ្ជីទីតាំងនុយក្លេអ៊ែរជារៀងរាល់ឆ្នាំ គិតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩២ មក។ យោងតាមក្រសួងការបរទេសរបស់ឥណ្ឌា បានឲ្យដឹងថា ការប្រគល់ឲ្យគ្នាទៅវិញទៅមក នាឆ្នាំនេះ គឺជាលើកទី៣៥ ជាប់គ្នាដែលដំណើរការនេះ ត្រូវបានអនុវត្ត បើទោះបីជាមានភាពអាប់អួផ្នែកការទូត និងភាពតានតឹង ដែលកំពុងមានខ្លាំងឡើងៗ រវាងប្រទេសទាំង២ ក៏ដោយ។
គួររំលឹកថា ឥណ្ឌាបានអះអាងថា ការវាយប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៥ មានទំនាក់ទំនងការវាយប្រហារ «ឆ្លងព្រំដែន» នៅប៉ាគីស្ថាន ដោយមិនបានបង្ហាញជាសាធារណៈនូវភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួន តែទីក្រុង Islamabad បានច្រានចោលការចោទប្រកាន់របស់ទីក្រុង New Delhi និងទាមទារឲ្យមានការស៊ើបអង្កេតជាអន្តរជាតិលើការវាយប្រហារនេះ៕
