តាមរយៈ សេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ចំពោះ ស្ថានភាពពលរដ្ឋភៀសសឹក ដោយយោងតាមរបាយការណ៍បឋម គិតពីម៉ោង ៦ល្ងាច ថ្ងៃទី១ ដល់ម៉ោង ១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក ១៥ ៦២៤នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ៣៩៣ ៦៤០នាក់ ក្នុងនោះស្ត្រី ២០៦ ៧៨៣នាក់ និងកុមារ ១២៦ ១៩៦នាក់។
គួរបញ្ជាក់ថា វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបាន វិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

