សមាគមអ្នកសារព័ត៌មានប៉ាឡេស្ទីន (PJS) បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ អ៊ីស្រាអែលបានឃុំខ្លួនអ្នកសារព័ត៌មានប៉ាឡេស្ទីនចំនួន ៤២នាក់ រួមមានស្ត្រី ៨នាក់ផងដែរ ដោយបន្តគំរូនៃការកំណត់គោលដៅជាប្រព័ន្ធលើអ្នកសារព័ត៌មានប៉ាឡេស្ទីន។
PJS បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា៖ «យោងទៅតាមឯកសារ និងការត្រួតពិនិត្យ គណៈកម្មាធិការសេរីភាពរបស់សមាគម បានកត់ត្រាករណីនៃការចាប់ខ្លួនអ្នកសារព័ត៌មានប៉ាឡេស្ទីនចំនួន ៤២នាក់ ទាំងបុរស និងស្ត្រី អំឡុងឆ្នាំ២០២៥»។

ស្ថាប័ននេះ បានបន្តថា៖ «ការចាប់ខ្លួនទាំងនេះ បានកើតឡើងនៅទូទាំងតំបន់កាន់កាប់ West Bank តំបន់កាន់កាប់ទីក្រុងហ្សេរុយសាឡឹម និងនៅខាងក្នុងដែនដីកាន់កាប់ផ្សេងទៀត ក៏ដូចជានៅប៉ុស្តិ៍ត្រួតពិនិត្យ និងច្រកឆ្លងកាត់ អំឡុងប្រតិបត្តិការនៅតាមវាលស្រែ និងក្នុងអំឡុងពេលវាយឆ្មក់នៅតាមផ្ទះសម្បែង»។
របាយការណ៍បានឲ្យដឹងបន្ថែមថា ការថយចុះនៃករណីចាប់ខ្លួន បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ និងឆ្នាំ២០២៤ បានបង្ហាញពីការផ្លាស់ប្តូរការផ្តោតរបស់អ៊ីស្រាអែលពី «ការកំណត់គោលដៅបរិមាណ ទៅជាការកំណត់គោលដៅគុណភាពវិញ»។
របាយការណ៍បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ ត្រូវបានកំណត់លក្ខណៈដោយការផ្តោតលើអ្នកសារព័ត៌មានដែលមានឥទ្ធិពលបំផុត ការចាប់ខ្លួនអ្នកសារព័ត៌មានដដែលម្តងហើយម្តងទៀត ការពង្រីកការប្រើប្រាស់ការឃុំខ្លួនផ្នែករដ្ឋបាល ដោយគ្មានការចោទប្រកាន់ ឬការកាត់ទោស និងការប្រើប្រាស់អំពើហិង្សាទាំងលើផ្លូវកាយ និងផ្លូវចិត្តជាវិធីរារាំង៕
