ប្រទេសចិនបានដកការលើកលែងពន្ធរយៈពេល ៣ទសវត្សរ៍ លើថ្នាំ និងឧបករណ៍ពន្យារកំណើត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ជាវិធានការថ្មី ដើម្បីជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះ។
តាមរយៈវិធានការនេះ មានន័យថា ស្រោមអនាម័យ និងថ្នាំពន្យារកំណើត ឥឡូវនេះត្រូវបង់ពន្ធលើតម្លៃបន្ថែមចំនួន ១៣ភាគរយ ដែលជាអត្រាស្តង់ដារ សម្រាប់ទំនិញប្រើប្រាស់ភាគច្រើន។ ចំណាត់ការនេះ កើតមានឡើង ស្របពេលដែលទីក្រុងប៉េកាំង ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញអត្រាកំណើតនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់ពិភពលោក។

ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះ ៣ឆ្នាំជាប់គ្នា ក្នុងឆ្នាំ២០២៤ ហើយអ្នកជំនាញ បានព្រមានថា ការថយចុះនេះ នឹងបន្តមានទៀត។ ចិនបានលើកលែងការឧបត្ថម្ភធនលើការថែទាំកុមារ ពីការបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងបានដាក់ចេញនូវការឧបត្ថម្ភធនថែទាំកុមារប្រចាំឆ្នាំ នៅឆ្នាំ២០២៥ បន្ទាប់ពីមានវិធានការ «លើកទឹកចិត្តឲ្យមានកូន» ក្នុងឆ្នាំ២០២៤ ដូចជាការជំរុញឲ្យមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ផ្តល់ «ការអប់រំពាក់ព័ន្ធនឹងស្នេហា» ដើម្បីបង្ហាញពីអាពាហ៍ពិពាហ៍ សេចក្ដីស្រឡាញ់ ការមានកូន និងក្រុមគ្រួសារ ក្នុងទិដ្ឋភាពវិជ្ជមាន។
គួរបញ្ជាក់ថា អត្រាកំណើតរបស់ប្រទេសចិន បាននិងកំពុងធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារគោលនយោបាយមានកូនតែម្នាក់ ដែលចិនបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ និងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ ការចំណាយខ្ពស់លើការថែទាំកុមារ និងការអប់រំ ក៏ដូចជាភាពមិនប្រាកដប្រជាផ្នែកការងារ និងសេដ្ឋកិច្ច ក៏បានបន្ទច់បង្អាក់ទឹកចិត្តយុវជនចិនជាច្រើន មិនឲ្យចង់រៀបការ និងចាប់ផ្តើមមានគ្រួសារ៕
