យោងតាមការអះអាងរបស់ក្រុមមន្រ្តីក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហារលើអណ្តូងរ៉ែខុសច្បាប់ ស្ថិតនៅភាគខាងជើងប៉េរូ ។
នៅក្នុងរូបភាពវីដេអូឃ្លីបចែកចាយដោយសារព័ត៌មាន Canal N របស់ប៉េរូកាលពីថ្ងៃព្រហស្បតិ៍ អភិបាលក្រុង Pataz លោក Aldo Marino និយាយថា ការវាយប្រហារនេះ បានធ្វើឡើងរយៈពេលប្រហែល ១ម៉ោង មុនពេលយប់ពាក់កណ្តាលអធ្រាត្រ យប់ថ្ងៃឆ្លងឆ្នាំសកល ។
លោក Marino និយាយថា យោងតាមព័ត៌មានដែលលោកទទួលបានពីនគរបាល មនុស្ស ៣នាក់ ត្រូវបានសម្លាប់ នៅច្រកចូលអណ្តូងរ៉ែ ហើយមនុស្ស ៧នាក់ កំពុងបាត់ខ្លួន ហើយលោកកត់សំគាល់ថា ចំនួនមនុស្សស្លាប់ចុងក្រោយ អាចនឹងកើនឡើងដល់ ១៥នាក់ ពេលដែលសាកសពមនុស្សបន្ថែមទៀត ត្រូវបានរកឃើញ ។

រឿងរ៉ាវលម្អិតពីឧបទ្ទេវហេតុនេះ នៅបញ្ជាក់ផ្ទៀងផ្ទាត់តាមក្រោយ ប៉ុន្តែប្រតិបត្តិការអណ្តូងរ៉ែខុសច្បាប់ គឺជាប្រភពដ៏ញឹកញាប់មួយនៃជម្លោះនៅអាមេរិកខាងត្បូង ពេលដែលក្រុមឧក្រិដ្ឋជនប្រជែងគ្នាដណ្តើមគ្រប់គ្រងអណ្តូងរ៉ែ ។
ឧបទ្ទេវហេតុចុងក្រោយនេះ បានកើតឡើងនៅជិតទីក្រុង Vijus ស្ថិតក្នុងតំបន់ La Libertad នៅភាគពាយ័ព្យប្រទេសប៉េរូ ។
ក្រុមនគរបាល និយាយថា កម្មករអណ្តូងរ៉ែ ១៣នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់តែមួយកាលពីខែឧសភា ឆ្នាំមុន ។ ឧបទ្ទេវហេតុនោះ ជំរុញឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីក្រុមអាជ្ញាធរក្នុងស្រុក រួមទាំងការផ្អាកសកម្មភាពជីករ៉ែរយៈពេល ៣០ថ្ងៃ និងបំរាមគោចរនៅពេលយប់ផងដែរ ៕
