ដោយមានការកត់សម្គាល់របស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ស្តីពីលទ្ធភាពដែលអាចមានការពាក់ព័ន្ធរបស់ប្រទេសជប៉ុន នៅក្នុងស្ថានភាពរបស់កោះតៃវ៉ាន់ ជាការលើកឡើងដែលបង្កឲ្យមានភាពតានតឹងជាមួយប្រទេសចិន ក្ដីបារម្ភកំពុងកើនឡើង ដែលថា ការគ្មានសំឡេងសមហេតុផល នៅជុំវិញលោកស្រី អាចឲ្យនិន្នាការរឹងត្អឹងរបស់លោកស្រីមិនត្រូវបានពិនិត្យពិច័យយ៉ាងទូលំទូលាយ។
ដោយមជ្ឈន្តិកជន (ជនប្រកាន់កណ្ដាល) ជាន់ខ្ពស់ នៅក្នុងគណបក្សរបស់លោកស្រី និងដៃគូចម្រុះកណ្តាលនិយម កំពុងចាកឆ្ងាយម្ដងបន្តិចៗពីលោកស្រី Takaichi ដែលមាននិន្នាការប្រើកម្លាំងយោធា មន្ទិលសង្ស័យក៏កំពុងកើនឡើងផងដែរ ចំពោះសមត្ថភាពរបស់លោកស្រី ក្នុងការគ្រប់គ្រងដោះស្រាយផ្នែកការទូត ដែលមិនត្រឹមតែជាមួយប្រទេសចិន ក៏ដូចជាសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ច និងសង្គមផងដែរ។
សមាជិកសភាបក្សប្រឆាំងបានព្រមានថា ការសម្រេចចិត្តរបស់លោកស្រី Takaichi ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សអភិរក្ស មុនពេលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ «បានធ្វើឲ្យមានការពិនិត្យពិច័យតិចតួចលើមាគ៌ារឹងត្អឹងរបស់លោកស្រី»។

លោកស្រីត្រូវបានពិពណ៌នាដោយមនុស្សជាច្រើនថា ជាអ្នកស្នងមរតករបស់អតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ដែលត្រូវបានធ្វើឃាតនៅឆ្នាំ២០២២ ហើយជំហរម៉ឺងម៉ាត់របស់លោក ជុំវិញបញ្ហាសន្តិសុខ ត្រូវបានលោកស្រីកោតសរសើរ។ តែសមាជិកសភារូបនោះបានបញ្ជាក់ថា លោក Abe មាន «ជំនាញ» ក្នុងការបង្កើតការឯកភាពគ្នា តាមរយៈការសន្ទនា ជាងលោកស្រី Takaichi។
រយៈពេលមិនដល់មួយសប្តាហ៍ បន្ទាប់ពីលោកស្រី Takaichi បានឈ្នះការបោះឆ្នោតក្លាយជាប្រធានរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ គណបក្ស Komeito បានបញ្ចប់សម្ព័ន្ធភាពរយៈពេល ២៦ឆ្នាំរបស់ខ្លួនជាមួយគណបក្ស LDP ដោយមានការខកចិត្ត ចំពោះការឆ្លើយតបរបស់បក្សនេះ ចំពោះរឿងអាស្រូវមូលនិធិនយោបាយ។
គណបក្ស Komeito គាំទ្រដោយអង្គការពុទ្ធសាសនាដ៏ធំបំផុតរបស់ជប៉ុន គឺអង្គការ Soka Gakkai បានរក្សាទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយនីស្តកំពុងកាន់អំណាចរបស់ចិន ដោយសង្កត់ធ្ងន់លើការសន្ទនា ដែលជារឿយៗបម្រើជាបណ្តាញប្រាស្រ័យទាក់ទង នៅពេលដែលទំនាក់ទំនងផ្លូវការ មានភាពតានតឹង៕
