រដ្ឋាភិបាលរបស់មេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduro បានដោះលែងអ្នកទោសរាប់សិបនាក់ដែលត្រូវបានចាប់ខ្លួន អំឡុងការតវ៉ាប្រឆាំងជ័យជំនះជម្លោះរបស់លោក នៅការបោះឆ្នោតឆ្នាំ ២០២៤ ។
ការដោះលែងអ្នកទោសយ៉ាងហោច ៨៧នាក់ បានកើតមានឡើង ពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្តយុទ្ធនាការដាក់សម្ពាធរបស់ខ្លួនលើទីក្រុង Caracas ។
វាគឺជាការដោះលែងអ្នកទោសលើកទី ២ ក្នុងរយៈពេល ១សប្តាហ៍ ជាអ្វីដែលក្រុមអ្នកសង្កេតការយល់ឃើញថាជាកិច្ចខិតខំមួយរបស់លោក Maduro ដើម្បីកាត់បន្ថយការខ្វែងគំនិតគ្នាជាមួយអាមេរិក បើទោះបីជារូបលោកចោទប្រកាន់លោក Trumpថាកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងដណ្តើមប្រេងបម្រុងដ៏ច្រើនរបស់វេណេស៊ុយអេឡាក៏ដោយ ។

ក្រុមសិទ្ធិមនុស្សចំនួន ២ គឺគណៈកម្មាធិការសេរីភាពអ្នកទោសនយោបាយ និងគណៈកម្មាធិការមាតាការពារការពិត បានបញ្ជាក់ការដោះលែងអ្នកទោសនេះ កាលពីថ្ងៃព្រហស្បតិ៍ ។
គណៈកម្មាធិការសេរីភាពអ្នកទោសនយោបាយ បានសរសេរនៅលើបណ្តាញព័ត៌មានសង្គមថា នៅព្រឹកថ្ងៃទី ១ ខែមករា ម្តាយ និងសាច់ញាតិ បានរាយការណ៍ពីការដោះលែងថ្មីអ្នកទោសនយោបាយចេញពីពន្ធនាគារ Tocoron ស្ថិតក្នុងរដ្ឋ Aragua ។
រដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រកាសការដោះលែងអ្នកទោស ៩៩នាក់ កាលពីថ្ងៃទី ២៥ ខែធ្នូ ដោយចាត់ទុកការដោះលែងនេះថា ជាការបង្ហាញយ៉ាងរឹងមាំការប្តេជ្ញាចិត្តរបស់រដ្ឋចំពោះសន្តិភាព កិច្ចសន្ទនា និងយុត្តិធម៌ ៕
