ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃសុក្រនេះថា បើសិនជាអ៊ីរ៉ង់ បាញ់សម្លាប់យ៉ាងហិង្សាទៅលើក្រុមបាតុករតវ៉ាដោយស្ងៀមស្ងាត់ អាមេរិកនឹងចូលទៅសង្រ្គោះពួកគេ ។
លោកបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា ពួកយើងបានត្រៀមខ្លួនរួចជាស្រេច រង់ចាំតែទៅប៉ុណ្ណោះ ។

សារព័ត៌មានអ៊ីរ៉ង់ និងក្រុមសិទ្ធិមនុស្សនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ អំឡុងភាពរំជើបរំជួលនៅអ៊ីរ៉ង់ ស្របពេលដែលបាតុកម្មធំបំផុត វាយប្រហារសាធារណរដ្ឋអ៊ិស្លាមមួយនេះ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ពេលដែលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ បង្កឲ្យមានអំពើហិង្សានៅតាមបណ្តាខេត្តជាច្រើន ។
ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Fars រាយការណ៍ថា បាតុករ ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារស្ថានីយនគរបាលនៅខេត្តភាគខាងលិច Lorestan របស់ប្រទេសអ៊ីរ៉ង់ ៕
