ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ទីក្រុងហុងកុង នៅថ្ងៃសុក្រ (ទី២ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា អង្គភាពបានចាប់ខ្លួនមនុស្សចំនួន ២១នាក់ ដោយសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងការងារជួសជុលកែលម្អអគារលំនៅឋានចំនួន ២។
គួរបញ្ជាក់ថា ទីក្រុងហុងកុង បានបង្កើនការបង្រ្កាបអំពើពុករលួយដែលពាក់ព័ន្ធនឹងការជួសជុលកែលម្អអគារ បន្ទាប់ពីមានអគ្គិភ័យកាលពីចុងខែវិច្ឆិកាឆ្នាំមុន ដែលបានបំផ្លាញអគារខ្ពស់ចំនួន ៧ និងបានឆក់យកជីវិតមនុស្សជាង ១៦០នាក់។

លោក John Lee ដែលជាគ្រប់គ្រងទីក្រុងរបស់ប្រទេសចិនមួយនេះ កាលពីខែធ្នូឆ្នាំកន្លងទៅ បានបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតអគ្គិភ័យ និងឧស្សាហកម្មសំណង់ ហើយកំណត់ថា តើមានការដេញថ្លៃទុច្ចរិតណាមួយ ដើម្បីផ្ដល់កិច្ចសន្យាដែរ ឬអត់។
គណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើប្រតិបត្តិការអនុវត្តច្បាប់ កាលពីសប្តាហ៍មុន ប្រឆាំងនឹងក្រុមហ៊ុនពុករលួយជាប់ទាក់ទងនឹងបទឧក្រិដ្ឋ ដែលមានជាប់ពាក់ព័ន្ធនឹងការជួសជុលកែលម្អអគារ។
ទីភ្នាក់ងារនេះបានបន្ថែមថា មនុស្ស ២១នាក់ដែលត្រូវបានចាប់ខ្លួន រួមមានឈ្មួញកណ្តាល អ្នកប្រឹក្សាគម្រោង អ្នកម៉ៅការគម្រោង និងសមាជិកនៃសាជីវកម្មរបស់ម្ចាស់នៃលំនៅឋានទាំង២៕
