ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅថ្ងៃសុក្រនេះ នៅខេត្ត Hadramout របស់យេម៉ែន ដែលជាប់ព្រំដែនជាមួយអារ៉ាប៊ីសាអ៊ូឌីត រវាងកម្លាំងភក្តីភាពជាមួយរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមផ្តាច់ខ្លួនក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង(STC) ។
ក្រុមផ្តាច់ខ្លួន STC បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីតថា បានទម្លាក់គ្រាប់បែកលើកងកម្លាំងរបស់ខ្លួន នៅជិតព្រំដែន ប៉ុន្តែអភិបាលខេត្ត Hadramout លោក Salem al-Khanbashi និយាយថា កិច្ចខិតខំដណ្តើមមកវិញនូវមូលដ្ឋានទ័ពពីក្រុមផ្តាច់ខ្លួន មានបំណងទាមទារយកទីតាំងយោធាមកវិញដោយសន្តិវិធី និងជាប្រព័ន្ធ នៅក្នុងខេត្តភាគខាងត្បូងប្រទេសយេម៉ែនមួយនេះ ។

នៅក្នុងសុន្ទរកថាមួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋពីរដ្ឋធានី Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោកអភិបាលខេត្ត Hadramout បានបញ្ជាក់ថា ប្រតិបត្តិការនេះ មានគោលបំណងស្តារអំណាចរដ្ឋឡើងវិញ និងធានាសន្តិសុខ និងស្ថិរភាពនៅក្នុងខេត្ត ជាពិសេសនៅជុំវិញស្ថាប័នរដ្ឋាភិបាលសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានា។
លោក al-Khanbashi បាននិយាយថា ការសម្រេចនេះបានកើតឡើងបន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីទប់ស្កាត់ភាពតានតឹងតាមរយៈការសន្ទនាបានបរាជ័យ ដោយចោទប្រកាន់កងកម្លាំងដែលជាប់ពាក់ព័ន្ធជាមួយ STC ថា បានបង្កជាឧបសគ្គដល់ការរៀបចំសន្តិសុខក្នុងស្រុក និងប្រឈមនឹងអំណាចរបស់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ ។
លោក Mohammed Al Attab គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Sanaa ថា ការប្រយុទ្ធគ្នា ត្រូវបានគេរាយការណ៍ថា កើតឡើងនៅថ្ងៃសុក្រនេះ នៅទីតាំងឈរជើងរបស់កងកម្លាំង STC ស្ថិតនៅតាមបណ្តោយព្រំដែនអារ៉ាប៊ីសាអ៊ូឌីត ៕
