អ្នកជំនាញសន្តិសុខអគ្គិភ័យនិយាយនៅថ្ងៃសុក្រនេះថា អគ្គិភ័យដែលបានឆាបឆេះក្លិបរាត្រី និងបានសម្លាប់មនុស្សប្រហែល ៤០នាក់ និងមនុស្សជាង ១០០នាក់ផ្សេងទៀត រងរបួស អំឡុងពិធីឆ្លងឆ្នាំសកល នៅទីក្រុងរមណីយដ្ឋានជិះស្គី Crans-Montana ប្រទេសស្វីស គួរតែពុំកើតឡើងនោះទេ បើសិនជាច្បាប់ស្វីសត្រូវបានគោរពនោះ ។
អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ១ និង៣០នាទីយប់រំលងអធ្រាត្រ ម៉ោងក្នុងស្រុក អំឡុងពេលប្រារព្ធពិធីឆ្លងឆ្នាំសកលនៅក្នុងក្លិបរាត្រី Le Constellation ។ ក្រុមមន្ត្រីស៊ើបអង្កេតឧបទ្ទវហេតុនេះ ពុំទាន់បានបញ្ជាក់ពីមូលហេតុណាមួយនៅឡើយទេ ប៉ុន្តែបានច្រានចោល ថាហេតុការណ៍នេះ គឺជាការវាយប្រហារ ។

លោក Olivier Burnier គឺជាវិស្វករសន្តិសុខអគ្គិភ័យដែលមានមូលដ្ឋាននៅទីក្រុង Montreux និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អគ្គិភ័យនេះគួរតែពុំកើតឡើងនោះទេ ច្បាប់មាន ដើម្បីធ្វើឲ្យហេតុការណ៍បែបនេះ មិនកើតឡើង ។
លោកបន្តថា យោងតាមច្បាប់ស្វីស សម្ភារៈងាយនឹងឆាបឆេះ ត្រូវបានហាមប្រាមពីការរក្សាទុក នៅក្នុងក្លិប ឬទីតាំងរៀបចំពិធី ។
មនុស្សមកពីប្រទេសជាច្រើនបានរងផលប៉ះពាល់ ។ ស្នងការនគរបាលតំបន់ Frédéric Gisler បាននិយាយថា អាទិភាពនៅក្នុងថ្ងៃខាងមុខ គឺត្រូវកំណត់អត្តសញ្ញាណអ្នកដែលបានស្លាប់ ដើម្បីប្រគល់ សាកសពរបស់ពួកគេ ជូនដល់ក្រុមគ្រួសាររបស់ពួកគេវិញឲ្យបានឆាប់ ។
លោក Mathias Reynard អភិបាលតំបន់ Frédéric Gisler បាននិយាយថា អ្នករងរបួសភាគច្រើនបានរលាកធ្ងន់ធ្ងរ ហើយមនុស្ស ៦០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sion ក្នុងទីក្រុង Valais ក្នុងនោះជនរងគ្រោះមួយចំនួនធំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕
