ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សា បានចាប់ផ្តើមឆ្នាំ ២០២៦របស់ពួកគេជាមួយទីជម្រកប្រកបដោយទុក្ខវេទនា ក្រោយភ្លៀងធ្លាក់ខ្លាំង ខណៈពលរដ្ឋរស់នៅក្នុងជំរំ បង្ហាញក្តីសង្ឃឹមថា ឆ្នាំនេះ នឹងល្អប្រសើរជាងឆ្នាំ ២០២៥ ដែលជួបជម្លោះពេញបន្ទុក ។
នៅដើមសប្តាហ៍នេះ អង់គ្លេស កាណាដា បារាំង និងប្រទេសដទៃជាច្រើនទៀត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ស្ថានភាពមនុស្សធម៌នៅហ្កាហ្សាកាន់តែអាក្រក់ខ្លាំងម្តងទៀតហើយ ។ ពួកគេមានក្តីបារម្ភជាខ្លាំង និងអំពាវនាវឲ្យអ៊ីស្រាអែលចាត់វិធានការបន្ទាន់ ។

សេចក្តីថ្លែងការណ៍ដែលបានបង្ហោះតាមអនឡាញដោយការិយាល័យការបរទេសអង់គ្លេស និយាយថា អ៊ីស្រាអែលគួរតែអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាល ធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល តាមវិធីប្រកបដោយចីរភាព និងអាចព្យាករបាន ហើយនិងធានាថា អង្គការសហប្រជាជាតិ អាចបន្តការងាររបស់ពួកគេនៅដែនដីប៉ាឡេស្ទីនមួយនេះបាន ។
សេចក្តីថ្លែងការណ៍នេះ និយាយផងដែរថា អ៊ីស្រាអែលគួរតែដកចេញនូវអ្វីដែលពួកគេចាត់ទុកថាជាការរឹតត្បិតគ្មានហេតុផល លើការនាំចូលជំនួយមនុស្សធម៌ រួមទាំងឱសថ និងគ្រឿងសម្ភារៈទីជម្រក ហើយនិងបើកច្រកឆ្លងកាត់ ដើម្បីបង្កើនលំហូរចូលជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ។
គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីខែតុលា ក្រោយរយៈពេល ២ឆ្នាំនៃការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងប្រតិបត្តិការសឹកនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារស្លាប់មនុស្សរបស់ក្រុមហាម៉ាស លើតំបន់ភាគត្បូងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ ២០២៣ ៕
