ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវដោះស្រាយបញ្ហាពុំច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ក៏ដូចជាភាពតានតឹងភូមិសាស្រ្តនយោបាយ ក្នុងឆ្នាំ ២០២៦នេះ ក្នុងនោះបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ នឹងជួបអស្ថិរភាពក្នុងស្រុកខ្លាំងជាងមុន ស្របពេលភាពមន្ទិលសង្ស័យកើនឡើងថាតើនឹងអាចដោះស្រាយការងារប្រឈមទាំងអស់នេះបានដែរឬទេ ។
រដ្ឋាភិបាលមានបំណងរក្សាកំណើនសេដ្ឋកិច្ច ជាការប្រឈមនឹងឧបសគ្គសកល ហើយនិងការចំណាយច្រើនជាងមុន ដោយសារពន្ធរបស់សហរដ្ឋអាមេរិក ក៏ដូចជាភាពប្រែប្រួលពាណិជ្ជកម្ម ។
ឆ្នាំ២០២៦នេះ ចាប់ផ្តើមជាមួយរបបសឹកមីយ៉ាន់ម៉ា រៀបចំការបោះឆ្នោតតាមដំណាក់កាលដែលត្រូវបានសហគមន៍អន្តរជាតិមួយចំនួនយល់ឃើញថា វាគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ខណៈគណបក្សប្រឆាំងសំខាន់ៗ ពុំបានចូលរួម ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា ការបោះឆ្នោតនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមទីក្រុងចំនួន ១០២ ហើយនិងបន្តដំណាក់កាលទី ២ នៅថ្ងៃទី ១១ ខែមករា នៅតាមទីក្រុងចំនួន ១០០ ហើយនិងដំណាក់កាលទី ៣នៅថ្ងៃទី ២៥ ខែមករា នៅតាមទីក្រុងចំនួន ៦៣ ពោលគឺការបោះឆ្នោតនេះ រៀបចំឡើងនៅតាមបណ្តាលទីក្រុងចំនួន ២៦៥ប៉ុណ្ណោះ ក្នុងចំណោមទីក្រុងសរុបចំនួន ៣០០ ។
ក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថា ការបោះឆ្នោតនេះ គឹជាវិធីសាស្រ្តមួយឲ្យយោធាពង្រឹងអំណាចតាមរយៈក្រុមតំណាងរបស់ខ្លួន ហើយនិងទទួលបានស្ថិរភាព និងភាពស្របច្បាប់ក្នុងកម្រិតណាមួយទាំងនៅក្នុងស្រុក និងនៅបរទេស ។
នៅឆ្នាំ ២០២៦នេះដែរ ការបោះឆ្នោតសកលថៃ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី ៨ ខែកុម្ភៈ ។ ក្រុមសង្កេតការ និយាយថា ពលរដ្ឋថៃ នឹងបោះឆ្នោតប្រឆាំងនឹងវាំងននខ្មៅនៃភាពតាមតឹងព្រំដែនកំពុងបន្ត និងការប្រយុទ្ធគ្នាជាមួយកម្ពុជា ការកើនឡើងជាតិនិយម និងសេដ្ឋកិច្ចដែលអ្នកបោះឆ្នោតជាច្រើនយល់ឃើញថាលែងដំណើរការទៀតហើយ ។
ក្រុមអ្នកវិភាគនិយាយថា នៅប្រទេសឥណ្ឌូនេស៊ី លោកប្រធានាធិបតី Prabowo Subianto ប្រឈមនឹងការធ្វើតេស្តទំនុកចិត្តសាធារណជន ក្រោយបញ្ហាប្រឈមគ្រប់គ្រងវិបត្តិ ហើយឧបសគ្គសេដ្ឋកិច្ច ធ្វើឲ្យប៉ះពាល់ដល់សុទិដ្ឋិនិយមដំបូងនៃថ្នាក់ដឹកនាំរបស់លោក ៕

