អឺរ៉ុប៖ ប្រធានអង្គការណាតូលោក Jens Stoltenberg បានស្វាគមន៍ការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន បន្ទាប់ពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន។

ការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អាចកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់ដែលជឿថា នឹងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬអំពើប្រល័យពូជសាសន៍ក្នុងពេលមានការកើនឡើងការស្លាប់ជនស៊ីវិល និងការបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន។ លោក Stoltenberg និយាយថា ការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសជិតខាងខ្លួន គឺជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ លោកបានអះអាងថា យើងបានឃើញការប្រើប្រាស់គ្រាប់បែកចង្កោម។ យើងត្រូវតែធ្វើឱ្យប្រាកដថាលោកប្រធានាធិបតី Putin និងប្រធានាធិបតីប្រទេសបេឡារុសត្រូវទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ៕
អត្ថបទ៖ ប៊ុនថន