នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួង អមដោយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួង បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកេតុមាលា។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្ដែងនូវការដឹងគុណ ស្ញប់ស្ញែង និងក្តីក្ដុកក្ដួល អាណិតអាសូរដល់វីរយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ដ និងឆន្ទៈខ្ពស់ ក្នុងការការពារបូរណភាពទឹកដី បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវការដឹងគុណចំពោះការលះបង់ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីរបស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ៕ អត្ថបទ រដ្ឋា








