តាមផេកផ្លូវការរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះថា យោងតាមការវាយតម្លៃគ្រឹះ និងរចនាសម្ព័ន្ធស្នូលនៃប្រាសាទបានរង្គោះរង្គើ ប្រឈមនឹងហានិភ័យនៃការដួលរលំ ដោយសារការបាញ់ប្លោងដោយចេតនា និងជាប្រព័ន្ធពីសំណាក់ទាហានថៃ។
សកម្មភាពយោធានេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែជាការកំណត់គោលដៅច្បាស់លាស់ លើទីតាំងសំខាន់ៗ ដែលមានប្រវែងដល់ទៅ ៨៥០ ម៉ែត្រ។ ការធ្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញា UNESCO ឆ្នាំ១៩៧២ និងអនុសញ្ញាទីក្រុងឡាអេ (Hague) ឆ្នាំ១៩៥៤ ដែលហាមឃាត់ដាច់ខាតនូវការប្រើប្រាស់សម្បត្តិវប្បធម៌ជាគោលដៅសឹក។
ការបំផ្លិចបំផ្លាញនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាពកម្ពុជានោះទេ ប៉ុន្តែគឺជាការបាត់បង់មរតកវប្បធម៌រួមរបស់ពិភពលោក ដែលមិនអាចស្តារឡើងវិញបាន៕ អត្ថបទ រដ្ឋា




