លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែលលុបចោលបម្រាមលើអង្គការមិនមែនរដ្ឋាភិបាលចំនួន៣៧អង្គការ ដែលធ្វើការនៅក្នុងតំបន់ហ្កាហ្សា និងតំបន់កាន់កាប់ West Bank។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក Guterres បានចាត់ទុកការងាររបស់ក្រុមទាំងនោះថា «មិនអាចខ្វះបានចំពោះការងារមនុស្សធម៌ជួយសង្គ្រោះជីវិត» នេះបើយោងតាមអ្នកនាំពាក្យ លោកStephane Dujarric។ លោកបាននិយាយបន្ថែមថា «ការផ្អាកនេះ ប្រឈមហានិភ័យនៃការធ្វើឱ្យអន្តរាយដល់វឌ្ឍនភាពដ៏ផុយស្រួយដែលបានធ្វើឡើងក្នុងអំឡុងបទឈប់បាញ់»។

អ៊ីស្រាអែល បានហាមឃាត់ក្រុមអង្គការមនុស្សធម៌ទាំងនោះ ដោយសារតែមិនបានបំពេញតាមច្បាប់ចុះបញ្ជីថ្មី ដែលតម្រូវឱ្យក្រុមជំនួយដែលធ្វើការនៅក្នុងតំបន់កាន់កាប់ទាំងនោះ ផ្តល់ «ព័ត៌មានលម្អិតអំពីបុគ្គលិក មូលនិធិ និងប្រតិបត្តិការរបស់ខ្លួន»។ អ៊ីស្រាអែល បានសន្យាថានឹងអនុវត្តបម្រាមនេះចាប់ពីថ្ងៃទី១ ខែមីនា។
អ្នកជំនាញបានថ្កោលទោសតម្រូវការទាំងនេះថាជាការបំពាននិងរំលោភលើគោលការណ៍មនុស្សធម៌។ ក្រុមជំនួយបាននិយាយថា ការផ្តល់ព័ត៌មានផ្ទាល់ខ្លួនអំពីបុគ្គលិកប៉ាឡេស្ទីនរបស់ពួកគេទៅឲ្យអ៊ីស្រាអែល អាចធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យ។