រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃសុក្រ បានសន្យាថា នឹង «បដិសេធយ៉ាងដាច់អហង្ការ» ចំពោះការជ្រៀតជ្រែកណាមួយ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានព្រមាននាពេលមុននេះថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់ «សម្លាប់ក្រុមអ្នកតវ៉ាដោយសន្តិវិធី»។

នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ «ត្រៀមខ្លួនជាស្រេច ហើយដឹងច្បាស់ពីកន្លែងដែលត្រូវតម្រង់ទៅ» ប្រសិនបើអធិបតេយ្យភាពរបស់ខ្លួន ត្រូវបានរំលោភបំពាន ដោយឆ្លើយតបទៅនឹងការអត្ថាធិប្បាយនាពេលថ្មីៗរបស់លោក ត្រាំ លើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដែលលោកបានអះអាងថា សហរដ្ឋអាមេ រិក នឹង «ជួយសង្គ្រោះពួកគេ» ប្រសិនបើអ៊ីរ៉ង់បាញ់ប្រហារទៅលើក្រុមបាតុករដោយសន្តិវិធី។
ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមក ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីរ៉ង់ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណរៀល (rial)ជាតិ។
លោក Araghchi បាននិយាយថា ការតវ៉ាដោយសន្តិវិធី គឺជាសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអត្រាប្តូរប្រាក់ ប៉ុន្តែបានកត់សម្គាល់ពីឧប្បត្តិហេតុហិង្សាដាច់ដោយឡែក រួមទាំងការវាយប្រហារប៉ុស្តិ៍នគរបាល និងគប់ដបស្រា Molotov ទៅលើក្រុមមន្ត្រី។ លោកបានបន្ថែមថា ការវាយប្រហារព្រហ្មទណ្ឌលើទ្រព្យសម្បត្តិសាធារណៈ មិនអាចអត់ឱនបានទេ៕

