ការិយាល័យអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សជាង ១ លាននាក់ ឬមនុស្សគ្រប់រូបនៅក្នុងតំបន់ហ្កាហ្សា នៅតែត្រូវការជំនួយជម្រកជាបន្ទាន់។

យោងតាមការិយាល័យ បានឲ្យដឹងថា តម្រូវការជំនួយជម្រក នៅតែមាន ទោះបីជាអ្នកផ្តល់ជំនួយមនុស្សធម៌បានចែកចាយតង់រាប់ពាន់ និងក្រណាត់តង់រាប់ម៉ឺន និងសម្ភារៈផ្សេងទៀតនៅទូទាំងតំបន់នេះ ចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ។

ការិយាល័យអ្នកនាំពាក្យនេះ បានលើកឡើងពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិថា អ្នកផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា នៅតែបន្តជួយគ្រួសារដែលងាយរងគ្រោះបំផុត ខណៈដែលស្ថានភាពរដូវរងាដ៏អាក្រក់ ធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងបន្តស៊ូទ្រាំ នៅក្នុងតង់បណ្តោះអាសន្នដែលបានខូចខាតដោយភ្លៀង ខ្យល់ និងរលកទឹកសមុទ្រ។
ទន្ទឹមនឹងនេះ ដៃគូអង្គការសហប្រជាជាតិដែលធ្វើការក្នុងវិស័យទឹក អនាម័យ និងសុខភាព កំពុងជួបប្រទះ នឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងកាកសំណល់រឹង ខណៈដែលគម្លាតកាន់តែធំរវាងបរិមាណដែលប្រមូលបាន និងប្រើប្រាស់ ដោយសារតែមិនអាចទៅដល់កន្លែងចាក់សំរាម ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និង កង្វះខាតប្រេងឥន្ធនៈ។
ទោះបីជាមានឧបសគ្គក៏ដោយ ក៏ក្រុមការងារដែលគាំទ្រដោយមូលនិធិកុមារអង្គការសហប្រជាជាតិ បានយកកាកសំណល់រឹងចំនួន ១.000 តោន ចេញជារៀងរាល់ខែ ចាប់តាំងពីមានបទឈប់បាញ់ ដែលជួយការពារសុខុមាលភាព និងសុខភាពរបស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ៕