UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការវាយប្រហាររបស់រុស្ស៊ី នៅរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបនៅអ៊ុយក្រែន។ មន្ត្រីអង្គការសហប្រជាជាតិ និងអ៊ុយក្រែនបាននិយាយថា គ្មានសារធាតុវិទ្យុសកម្មណាមួយត្រូវបានសាយភាយចេញ ដោយការវាយប្រហាររបស់រុស្ស៊ីនៅរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុត របស់អឺរ៉ុបក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងនៅរោងចក្រនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានបដិសេធថា ប្រទេសរបស់លោកមិនបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែននោះទេ។ លោក Vasily Nebenzya និយាយថា កងកម្លាំងរុស្ស៊ីមិនបានបាញ់ទៅលើអគារនោះទេ។ ការបាញ់ផ្លោងរបស់រុស្ស៊ីទៅលើរោងចក្រនុយក្លេអ៊ែរធំបំផុត របស់អឺរ៉ុបនៅអ៊ុយក្រែនទទួលបានការ ថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិកាលពីថ្ងៃសុក្រ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការវាយប្រហារដោយយោធារុស្ស៊ី លើរោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែនថា ជាការកើនឡើងថ្មីដ៏គ្រោះថ្នាក់។ លោកស្រី Linda Thomas Greenfield បានអំពាវនាវម្តងទៀតឲ្យលោក Vladimir Putin ដកកងទ័ពរុស្ស៊ីទាំងអស់ចេញពីអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន