អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍នេះថា អំពើហិង្សាជុំវិញការតវ៉ានៅអ៊ីរ៉ង់ដែលបង្កឡើងដោយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់សាធារណរដ្ឋឥស្លាម បានសម្លាប់មនុស្ស ២នាក់ ផ្សេងទៀត ដែលបង្កើនចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មដល់យ៉ាងហោចណាស់ ១០ នាក់ ខណៈពួកគេមិនបានបង្ហាញសញ្ញានៃការបញ្ឈប់។

អ្នកស្លាប់ថ្មីនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កាលពីថ្ងៃសុក្រថា ប្រសិនបើទីក្រុងតេអេរ៉ង់ «សម្លាប់អ្នកតវ៉ាដោយសន្តិវិធីដោយហិង្សា» សហរដ្ឋអាមេរិក «នឹងមកជួយសង្គ្រោះពួកគេ»។ ខណៈពេលដែលវានៅតែមិនទាន់ច្បាស់ថាតើលោក ត្រាំ នឹងអន្តរាគមន៍យ៉ាងដូចម្តេច និងថាតើការអត្ថាធិប្បាយរបស់លោកបានបង្កឲ្យមានការឆ្លើយតបភ្លាមៗ និងខឹងសម្បាពីមន្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់ដែលគំរាមកំហែងកំណត់គោលដៅកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។

ការតវ៉ារយៈពេលមួយសប្តាហ៍នេះ បានក្លាយជាការតវ៉ាដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ ២០២២ នៅពេលដែលការស្លាប់របស់ស្រ្តីវ័យក្មេង Mahsa Amini អាយុ ២២ ឆ្នាំ នៅក្នុងការឃុំខ្លួនរបស់នគរបាល បានបង្កឲ្យមានបាតុកម្មទូទាំងប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ការតវ៉ានេះ មិនទាន់រីករាលដាល និងខ្លាំងក្លាដូចការតវ៉ាជុំវិញការស្លាប់របស់នាង Amini ដែលត្រូវបានឃុំខ្លួន ដោយសារតែមិនស្លៀកពាក់ឈុតហ៊ីចាប ឬជួតក្រមាក្បាល តាមការពេញចិត្តរបស់អាជ្ញាធរនោះទេ៕