ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សារព័ត៌មាននានានៅលើពិភពលោកបានផ្សព្វផ្សាយព័ត៌មានអំពីយោធាថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និងប្រកាសថាជាទឹកដីខ្លួនទៅវិញ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាននានានៅលើពិភពលោកបានផ្សព្វផ្សាយព័ត៌មានអំពីយោធាថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និងប្រកាសថាជាទឹកដីខ្លួនទៅវិញ។ ឯកឧត្ដមបន្តថា សារព័ត៌មាននានាបានដកស្រង់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបញ្ជាក់ពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃ ក្រោយបទឈប់បាញ់ និងវាយកម្ទេចផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ ជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សារព័ត៌មានបានលើកឡើងពីផែនការថៃដែលភ្ជាប់តំបន់មួយចំនួនរបស់កម្ពុជាទៅនឹងទឹកដីរបស់ខ្លួនដោយខុសច្បាប់។
ឯកឧត្ដមបានបន្តទៀតថា តាមរយៈអត្ថបទដែលសរសេរដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ត្រូវបានសារព័ត៌មាននានាយកទីផ្សព្វផ្សាយបន្តដូចជា South China Morning Post, CNA, The Strats Times, Barrons, Inquirer, UCA News, WION ជាដើម។ សារព័ត៌មានបែបប្រពៃនិងបែបថ្មីក្នុងស្រុកក៏មានការចុះព្រោងព្រាត់ដែរ។
ឯកឧត្ដម នេត្រ ភក្ត្រា បានរំលេចផងដែរថា ចំពោះមុខនេះ អ្នកសារព័ត៌មានជើងចាស់របស់ថៃម្នាក់បានព្រមានដល់ថៃថា «…. ប៉ុន្តែថៃអាចចាញ់សង្គ្រាមក្នុងក្រសែភ្នែកអន្តរជាតិ។ ថៃត្រូវបានមើលឃើញថាជាអ្នកឈ្លានពានគេ និងជាតួអាក្រក់។ កាសែត Aljazeera ជាសារព័ត៌មានធំៗ ៣ នៅលើពិភពលោក (CNN, BBC) ដែលមានអ្នកទស្សនាច្រើននៅលើពិភពលោក បានរាយការណ៍ថា ថៃបានប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកដែនដីកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ពួកគេមិនអាចកុហកពិភពលោកបានទេ! ការពិតសម្លាប់ការមិនពិត!»













