ដោយមានការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត នៅវេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្តសញ្ញាណត្រីរាជមួយក្បាលដែលប្រជាពលរដ្ឋនេសាទបាន ដោយប្រើឧបករណ៍ម៉ាញ់នៅទន្លេមេគង្គ ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុននឹងធ្វើការលែង។
សកម្មភាពនេះមានការចូលរួម និងអមដំណើរដោយរដ្ឋបាលជលផលកំពង់ចាម ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាគយ។
ក្រោយការពិនិត្យត្រីរាជមួយក្បាលនេះ មានភេទញី ដោយឱ្យឈ្មោះថា រំដួលកងមាស មានប្រវែង ១៨៦សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម និងពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយកំណត់អត្តសញ្ញាណរួច ក្រុមការងារ និងមន្ត្រីជំនាញជលផលបានលែងត្រីរាជនេះចូលក្នុងទន្លេមេគង្គវិញ។
នាឱកាសនោះដែរឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជានេសាទទាំងអស់បើនេសាទបានត្រីប្រភេទកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់។ល។ សូមជូនដំណឹងមកខណ្ឌរដ្ឋបាលជលផលខេត្ត ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារមកលែងតាមបច្ចេកទេស៕



