សហរដ្ឋអាមេរិក បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro កាលពីថ្ងៃសៅរ៍ ៣ មករា ដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងដាក់ប្រទេសនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកសម្រាប់ពេលនេះ ទោះបីជាក្រុមមន្ត្រីវ៉េណេស៊ុយអេឡា បានប្ដេជ្ញាប្រឆាំងក៏ដោយ។
លោក Trump បាននិយាយថា ជាផ្នែកមួយនៃប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលមួយយប់ ដែលបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួននៃទីក្រុង ការ៉ាកាស ( Caracas) កងកម្លាំងពិសេសអាមេរិកបានចាប់ខ្លួនលោក Maduro នៅក្នុង ឬក្បែរផ្ទះសុវត្ថិភាពមួយរបស់លោក។
ដោយលោក Maduro ស្ថិតនៅក្នុងការឃុំខ្លួនរបស់សហរដ្ឋអាមេរិក លោក Trump បាននិយាយថា អាមេរិកនឹងគ្រប់គ្រងប្រទេសនេះរហូតដល់ពេលពួកលោកអាចធ្វើការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌។
លោកបានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅរមណីយដ្ឋាន Mar-a-Lago របស់លោកនៅរដ្ឋ Florida ថា ពួកលោកមិនអាចប្រថុយប្រថានថាមានអ្នកផ្សេងមកគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ដែលមិនគិតពីផលប្រយោជន៍របស់ប្រជាជនវ៉េណេស៊ុយអេឡានោះទេ។
សារព័ត៌មានជាច្រើនបានរាយការណ៍ថា យន្តហោះដែលដឹកលោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores បានចុះចតនៅភាគខាងជើងទីក្រុង ញូវយ៉ក កាលពីល្ងាចថ្ងៃសៅរ៍៕




