រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង មិនអាចទទួលយកបានឡើយ ដែលប្រទេសណាមួយតាំងខ្លួនឯងថាជា «ចៅក្រមពិភពលោក» បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។

ថ្លែងប្រាប់សមភាគីប៉ាគីស្ថាន គឺលោក Ishaq Dar ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ លោក Wang បាននិយាយថា «ចិនមិនដែលជឿឡើយថា ប្រទេសណាមួយអាចដើរតួជានគរបាលពិភពលោក ហើយចិនក៏មិនអាចទទួលយកបាននោះដែរ ដែលថាប្រទេសណាមួយអាចអះអាងខ្លួនឯងថាជាចៅក្រមពិភពលោក» ដោយសំដៅទៅលើ «ស្ថានការណ៍វិវត្តភ្លាមៗនៅវ៉េណេស៊ុយអេឡា» ប៉ុន្តេមិនបានលើកឡើងចំៗអំពីសហរដ្ឋអាមេរិកនោះទេ។

លោក Wang បានបន្ថែមថា «អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់ គួរតែត្រូវបានការពារយ៉ាងពេញលេញក្រោមច្បាប់អន្តរជាតិ»។ នេះគឺជាសុន្ទរកថាដំបូងបំផុតរបស់ប្រមុខការទូតចិន ចាប់តាំងពីរូបភាពរបស់លោក Maduro វ័យ ៦៣ ឆ្នាំ ត្រូវបានគេបិទភ្នែក និងដាក់ខ្នោះដៃកាលពីថ្ងៃសៅរ៍កន្លងទៅ ដែលក៏បានធ្វើឱ្យប្រជាជនវ៉េណេស៊ុយអេឡា ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទីក្រុងប៉េកាំង មានមហិច្ឆតាចង់ក្លាយជាប្រទេសមានឥទ្ធិពលផ្នែកការទូត ដោយនេះជាគោលដៅមួយដែលចិនបានបញ្ជាក់យ៉ាងច្បាស់បំផុត បន្ទាប់ពីបានសម្របសម្រួលការផ្សះផ្សាគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ ក្នុងឆ្នាំ២០២៣ ដោយសន្យាថានឹង «ដើរតួនាទីស្ថាបនានៅក្នុងបញ្ហាក្តៅគគុកទូទាំងពិភពលោក»៕