ប្រជាជនវ៉េណេស៊ុយអេឡាជិត៨លាននាក់ ដែលបានរត់គេចខ្លួនចេញពីការដួលរលំសេដ្ឋកិច្ច និងការបង្ក្រាបក្រោមការដឹកនាំរបស់លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រមូលផ្តុំគ្នារាប់ពាន់នាក់នៅក្នុងទីក្រុងនានានៅទូទាំងពិភពលោក ដើម្បីអបអរចំពោះការចាប់ខ្លួនបុរសខ្លាំងរូបនេះធ្វើឡើងដោយកងកម្លាំងសហរដ្ឋអាមេរិក។

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីសាន់ទីយ៉ាហ្គោ(Santiago) ប្រទេសឈីលី ដោយគ្រវីទង់ជាតិវ៉េណេស៊ុយអេឡាក្នុងភាពរីករាយ ខណៈមនុស្សជាច្រើនស្លៀកពាក់ពណ៌ជាតិពណ៌លឿង ខៀវ និងក្រហម។ ការប្រមូលផ្តុំគ្នានេះក៏ធ្វើឡើងនៅក្នុងប្រទេសបូលីវី អេក្វាឌ័រ និងអាមេរិកកណ្តាល ដូចជាប្រទេសប៉ាណាម៉ា និងកូស្តារីកា។
អាជីវករជនជាតិវ៉េណេស៊ុយអេឡាម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា «ទីបំផុតយើងនឹងអាចត្រឡប់ទៅប្ររទេសរបស់យើងវិញបានហើយ»។ «ទីបំផុត យើងនឹងមានប្រទេសសេរី»។

លោក ម៉ាឌូរ៉ូ ដែលការអះអាងរបស់លោកចំពោះការជាប់ជាថ្មីនៅឆ្នាំ២០២៨ និងឆ្នាំ២០២៤ ត្រូវបានច្រានចោលយ៉ាងទូលំទូលាយថាជាការក្លែងបន្លំ ត្រូវបានកងកម្លាំងសហរដ្ឋអាមេរិកចាប់ខ្លួន ហើយត្រូវបានបញ្ជូនដោយយន្តហោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោសពីបទជួញដូរគ្រឿងញៀន។
ប្រជាជនវ៉េណេស៊ុយអេឡា នៅក្នុងប្រទេសឈីលីមានការព្រួយបារម្ភចំពោះការសន្យាយុទ្ធនាការរបស់ប្រធានាធិបតីជាប់ឆ្នោតស្តាំនិយមរបស់ប្រទេសឈីលីលោក Jose Antonio Kast ក្នុងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារជិត៣៤០.០០០នាក់ដែលលោកដាក់កំហុសចំពោះការកើនឡើងឧក្រិដ្ឋកម្ម។