រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអាទិត្យ (៤ មករា) ថា សហរដ្ឋអាមេរិក មិនមែនកំពុងធ្វើសង្គ្រាមជាមួយវ៉េណេស៊ុយអេឡានោះទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកកំពុង «ដំណើរការគោលនយោបាយ» នៅក្នុងប្រទេសនេះប៉ុណ្ណោះ ដោយមិនមែនជាការដាក់កងទ័ពនៅទីនោះទេ ប៉ុន្តែតាមរយៈឥទ្ធិពលហិរញ្ញវត្ថុលើសម្ព័ន្ធមិត្តដែលនៅសេសសល់ របស់អតីតប្រធានាធិបតី Nicolas Maduro។

នៅក្នុងបទសម្ភាសន៍មួយលើទូរទស្សន៍ NBC លោក Rubio បាននិយាយថា “អាមេរិកចង់ឱ្យវ៉េណេស៊ុយអេឡា ឈានទៅរកទិសដៅជាក់លាក់មួយ ពីព្រោះអាមេរិកគិតថា នោះមិនត្រឹមតែជារឿងល្អសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍ជាតិរបស់អាមេរិកផងដែរ”។

លោករដ្ឋមន្ត្រីការបរទេស Rubio ដែលក៏ជាទីប្រឹក្សាសន្តិសុខជាតិបណ្ដោះអាសន្នរបស់លោកប្រធានាធិបតីអាមេរិក Trump ផងដែរនោះ បាននិយាយទៀតថា សហរដ្ឋអាមេរិក នឹងពង្រឹងឥទ្ធិពលរបស់ខ្លួនតាមរយៈ «វិធានការឡោមព័ទ្ធប្រេង» ដែលមានស្រាប់ ដែលដាក់ដោយនាវាចម្បាំងអាមេរិក នៅជិតឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។

នៅក្នុងកិច្ចសម្ភាសន៍នោះ ប្រមុខការទូតរូបនេះបន្តថា «យោធារបស់អាមេរិក កំពុងជួយឆ្មាំល្បាតឆ្នេរអនុវត្តនូវមុខងារអនុវត្តច្បាប់ ដែលមិនត្រឹមតែជាការចាប់ខ្លួនលោក Maduro ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអនុវត្តទណ្ឌកម្មរបស់អាមេរិកផងដែរ»។ លោកសង្កត់ធ្ងន់ថា នោះជាឥទ្ធិពលដ៏អស្ចារ្យដែលអាមេរិកមានបំណងបន្តប្រើប្រាស់ រហូតដល់ទីក្រុងវ៉ាស៊ីនតោន «មើលឃើញការផ្លាស់ប្តូរដែលត្រូវឃើញ»៕