ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារបន្ថែមទៀតទៅលើផ្នែកមួយចំនួននៅតំបន់ហ្កាហ្សានៅខាងក្រៅការគ្រប់គ្រងរបស់យោធា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែតុលាក៏ដោយ។ យ៉ាងហោចណាស់ជនប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ។

ជនរងគ្រោះរួមមានក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ អ្នកនេសាទម្នាក់ និងបុរសទីបីម្នាក់ទៀតត្រូវបានបាញ់សម្លាប់នៅភាគខាងកើតទីក្រុង Khan Younis។ នៅផ្នែកភាគកណ្តាលនៃតំបន់ហ៊ុមព័ទ្ធ ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសនៅភាគខាងកើតជំរំជនភៀសខ្លួន Bureij។ នៅទីក្រុងហ្កាហ្សាភាគខាងជើង កងកម្លាំងអ៊ីស្រាអែលបានបន្តវាយបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលភាគច្រើនត្រូវបានបំផ្លាញនៅក្នុងសង្កាត់ Tuffah។

កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថាខ្លួនកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅភាគខាងជើងតំបន់ហ្កាហ្សា ប៉ុន្តែបានអះអាងថាគោលដៅទាំងនោះគឺជា «ហេដ្ឋារចនាសម្ព័ន្ធភេរវករទាំងនៅលើដី និងក្រោមដី» រួមទាំងផ្លូវរូងក្រោមដី។
ពលរដ្ឋប៉ាឡេស្ទីនចំនួន ៧១.៣៨៦នាក់ត្រូវបានសម្លាប់ និង ១៧១.២៦៤នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក្នុងខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមតួលេខចុងក្រោយពីអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ហើយយ៉ាងហោចណាស់មានមនុស្ស៤២០នាក់ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់ត្រូវបានចុះហត្ថលេខា ដែលមានរយៈពេលតិចជាងបីខែកន្លងទៅនេះ។